(បន្ទាយមានជ័យ)៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បាននាំកងកម្លាំងនគរបាលរបស់ខ្លួន យករថយន្តពន្លត់អគ្គិភ័យទៅដឹកជញ្ជូនទឹក យកទៅផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ស្ថិតនៅឃុំស្លក្រាម ស្រុកស្វាយចេក ក្រោយពីប្រជាពលរដ្ឋនៅតំបន់នោះ មានការខ្វះខាតទឹក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ក្រោយទទួលព័ត៌មានពីការខ្វះខាត ទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទីនោះ ខ្ញុំបានយករថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង និងរបស់ក្រុមហ៊ុនត្រូពិចកាណាមួយគ្រឿង ទៅដឹកជញ្ជូនទឹកជាង៨ម៉ឺនទឹកពីទីរួមខេត្ត យកទៅឲ្យប្រជាពលរដ្ឋបានប្រើប្រាស់»។

លោកស្នងការថា នៅរដូវនេះទឹកបានរីកស្ងួត សូម្បីតែទឹកស្រះវត្ត ក៏រីងស្ងួតដែរ ដូច្នេះជាការដោះស្រាយមួយដំណាក់កាល លោកក៏បានទៅរថយន្តទៅដឹកទឹក ទៅឲ្យពួកគាត់តែម្តងនៅថ្ងៃម្សិលមិញ។

បើតាមលោកស្នងការ ក្រោមការណែនាំពីលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ លោកនឹងបន្តការងារនេះ រហូតបានប្រើប្រាស់គ្រប់គ្រាន់៕