(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ Fresh News ថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងបានយកសំណាកអ្នកពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ជាលើកទី៣ ចំនួន ៨,១៣៣នាក់។

បើតាមលោកស្រី យក់ សម្បត្តិ ការយកសំណាកនេះបានធ្វើឡើងតាំងពីម៉ោង ៧ព្រឹក រហូតដល់ម៉ោងល្ងាច នៅទីតាំងចំនួ ន ១៨។ ក្នុងនោះនៅរាជធានីភ្នំពេញ មាន ១០ទីតាំង និងនៅតាមខេត្តចំនួន៨។

សម្រាប់រាជធានីភ្នំពេញរួមមាន៖ ក្រសួងមហាផ្ទៃ ពហុកីឡដ្ឋានអូឡាំពិក ផ្ទះសម្តេចពញាចក្រី ហេង សំរិន ផ្ទះសម្តេចក្រឡាហោម ស ខេង ផ្ទះ លោក ហ៊ុន ម៉ានី សណ្ឋាគារសុខា រដ្ឋសភា កងហោះហើរដឹកជញ្ជូន និងក្រុមអង្គរក្សសម្តេចតេជោនៅទួលក្រសាំង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។

សម្រាប់ខេត្តរួមមាន៖ ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ធំ កណ្តាល និងឧត្តរមានជ័យ។

បើទោះបីជាយ៉ាងណា លោកស្រី យក់ សម្បត្តិ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលដឹងថា ខ្លួនបាក់ព័ន្ធ «ព្រឹត្តិការណ៍២៨វិច្ឆិកា» ហើយមិនបានយកសំណាកនៅថ្ងៃនេះ សូមទៅយកសំណាកនៅថ្ងៃទី១៣ ខែធ្នូ ស្អែកនេះ។ ទីតាំងដែលអាចទៅយកសំណាកនៅថ្ងៃស្អែករួមមាន៖ វិទ្យាស្ថានសុខភាពសាធារណៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។ នៅខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ធំ កណ្តាល និងឧត្តរមានជ័យ ក៏បន្តបើកទ្វារសម្រាប់ការយកសំណាកផងដែរ៕