(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា សមាជិកអចិន្រ្តៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយឃុំថ្នាធ្នង់ ស្រុករំដួល បានថ្លែងស្នើដល់ក្រុមការងារត្រូវចេះសហការសាមគ្គីគ្នាទៅវិញទៅមក និងមានភាពស្អិតរមួត បន្តរួមគ្នាអនុវត្តការងាររបស់រាជរដ្ឋាភិបាល ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវអនុវត្តយុទ្ធសាស្ត្រពង្រឹងចាស់ពង្រីកថ្មី ដើម្បីជោគជ័យក្នុងការបោះឆ្នោតខាងមុខនេះ។

ការថ្លែងបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ១៧៣ និងបញ្ជីរាយនាមតារាងស្ថិតិប្រជាពលរដ្ឋ ដល់សមាជិកគណបក្សប្រជាជនកម្ពុជាស្រុករំដួល។ ពិធីនេះ មានការចូលរួមពីសំណាក់លោក ភិន ឆាំ សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត, លោក សុខា រ៉ាម ប្រធានគណៈកម្មាធិការគណបក្សស្រុក និងមន្រ្តីរាជការសមាជិកគណៈកម្មាធិការគណបក្សស្រុក ជាច្រើនរូបផងដែរ។

លោក តូច ប៉ូលីវ៉ា បានបន្តថា នេះគឺជាពេលវេលាដ៏សមស្រប ដែលតម្រូវឲ្យក្រុមការងារគណបក្សនៅគ្រប់ថ្នាក់ ក៏ដូចជាក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋាននានា នៅស្រុករំដួល ត្រូវរួមគ្នាយកចិត្តទុកដាក់ក្នុងការចុះជួយពង្រឹងនៅតាមមូលដ្ឋាន លើកិច្ចការងារសំខាន់ៗដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានដាក់ចុះ មិនតែប៉ុណ្ណោះត្រូវខិតខំបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ពិសេសអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ចំណុច។

លោកក៏បានអំពាវនាវដល់សមាជិគណៈកម្មាធិការគណបក្សឃុំ ក៏ដូចជាស្រុករំដួល ត្រូវចូលរួមគ្នាការពារទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យកើតមានក្នុងសហគមន៍។ លោកថែមទាំងបានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់អ្នកដែលបានចែករំលែកចូលរួមបរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារកូវីដ-១៩ យ៉ាងផុសផុលផងដែរ៕