(ភ្នំពេញ)៖ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) បានកត់សម្គាល់ឃើញថា នាពេលថ្មីៗនេះ មានការកើនឡើង យ៉ាងច្រើននៃសារបោកប្រាស់ លើការវិនិយោគលើ Bitcoin តាមរយៈបណ្តាញ Telegram នៅកម្ពុជា។

Bitcoin គឺជារូបិយប័ណ្ណប្រភេទថ្មីមួយ ដែលបង្កើតឡើងនៅឆ្នាំ២០០៨ ដោយជនមិនស្គាល់មុខម្នាក់ប្រើឈ្មោះក្លែងក្លាយថា Satoshi Nakamoto។

រូបិយប័ណ្ណមួយនេះ ចរាចរនៅឆ្នាំ២០០៩ វាជារូបិយវត្ថុដែលអរូបិយ ហើយដែលមិនមែនចេញដោយធនាគារកណ្តាលនៃប្រទេសណាមួយ ប៉ុន្តែអាចត្រូវគេយកទៅប្រើជាមធ្យោបាយដោះដូរនៅតាមប្រព័ន្ធអ៊ីនធឺណិត ដូចជារូបិយវត្ថុធម្មតាដែរ Bitcoin ត្រូវបានគេប្រើដើម្បីទិញអីវ៉ាន់អនាមិក អាជីវកម្មមួយចំនួនប្រើប្រាស់ Bitcoin ដោយសារតែវាមិនតម្រូវឲ្យមានការចំណាយប្រចាំថ្ងៃ ដូចកាតឥណទាន ហើយមនុស្សមួយចំនួនទិញ Bitcoin ទុកជាការវិនិយោគ ដោយសង្ឃឹមថា ពួកគេនឹងបានចំណេញនៅថ្ងៃក្រោយ។

អ្នកបោកប្រាស់នៅលើហ្វេសប៊ុក មាននិន្នាការធ្វើប្រតិបត្តិការតាមវិធីជាច្រើនខុសគ្នាៗ ប៉ុន្តែអ្នកអាចខាងក្រោមនេះ ជាអ្វីដែលត្រូវយកចិត្តទុកដាក់និងចៀសវាង៖

អ្នកបោកប្រាស់ (Scammer) បានប្រើប្រាស់បណ្តាញ Telegram ក្នុងការចែកចាយសារ ឬព័ត៌មានអំពីការវិនិយោគលើ BitCoin ដោយនឹងទទួលបាន ការចំណេញ មកវិញខ្ពស់ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ ដែលនេះសុទ្ធសឹងតែជាការបោកប្រាស់ ពួកគេនឹងធ្វើការសន្យាថា អ្នកនឹងទទួលបានប្រាក់ចំណេញខ្ពស់ ប្រសិនបើអ្នកផ្ញើប្រាក់ឲ្យពួកគេដើម្បីវិនិយោគជំនួសអ្នក។

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីឆ្នាំ២០១៤ ស្តីពីការមិនទទួលស្គាល់ ឧបករណ៍ BitCoin និងឧបករណ៍អេឡិចត្រូនិក ដែលមានលក្ខណៈប្រហាក់ប្រហែល ជារូបិយប័ណ្ណ ឬជាឧបករណ៍ទូទាត់ស្របច្បាប់នៅប្រទេសកម្ពុជា។

ក្នុងសេចក្តីប្រកាស ក៏បានលើកឡើងអំពីហានិភ័យ ដល់អ្នកប្រើប្រាស់ និងសង្គមជាតិ ដោយសារ BitCoin ពុំមានគោលការន៍ការពារអតិថិជន (Consumer Protection) អ្នកប្រើប្រាស់អាចប្រើឈ្មោះលួចលាក់ដើម្បីបើកគណនី BitCoin ពោលគឺមានលក្ខណៈអនាមិកដែលងាយរងគ្រោះពី ឧក្រិដ្ឋកម្មសាយប័រ (Cybercrime)។

ជៀសវាងពីការបោកប្រាស់៖ ចូរប្រុងប្រយ័ត្នខ្ពស់ អ្នកមិនគួរផ្ញើលុយឲ្យនរណាម្នាក់មកវិនិយោគសម្រាប់អ្នកនោះទេ ជាទូទៅ ពាណិជ្ជករ ទាំងនេះ គឺជាអ្នកបោកប្រាស់ អ្នកមិនគួរតបសារ ឬចុចតំណភ្ជាប់ណាមួយ ដែលផ្ញើមកពីប្រភពមិនច្បាស់លាស់ ឬមនុស្សដែលអ្នកមិនដែលស្គាល់ អ្នកគួរធ្វើការរាយការណ៍ (Report) អំពីសារ ឬគណនីដែលបានផ្ញើមក។

ឧទាហរណ៍៖ ប្រព័ន្ធសារ Telegram មានមុខងារដែលអ្នកអាចធ្វើការរាយការណ៍ ពីសារ ឬគណនី ជាការបោកប្រាស់ (Scam) សូមចងចាំថា BinCoin មិនត្រូវបានទទួលស្គាល់ជា រូបិយប័ណ្ណផ្លូវការនៅកម្ពុជានោះទេ ប្រសិនបើមានបញ្ហា គឺមិនមានការការពារដោយច្បាប់នោះទេ។

បើសិនជាដឹងខ្លួនថា ក្លាយជាជនរងគ្រោះ អាចធ្វើការទាក់ទងទៅកាន់សមត្ថកិច្ច តាមរយៈបណ្តាញហ្វេសប៊ុក https://www.facebook.com/anti.cyber.crime.department ឬអាចប្តឹងតាមរយៈនិតីវិធីនេះ៖ https://secudemy.com/cybercrime-police/

ព័ត៌មានពាក់ព័ន្ធ៖ https://www.nbc.org.kh/news_and_events/news_info.php?id=73, https://kohsantepheapdaily.com.kh/article/566158.html, https://www.khmertimeskh.com/94114/bitcoin-risky-business-nbc-warns/