(ហ្សឺណែវ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានប្រតិកម្មយ៉ាងខ្លាំងទៅនឹងការរិះគន់របស់ អ្នករាយការះ៍ពិសេស នៃអង្គការសហប្រជាជាតិ លើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ របស់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ។

ដោយមានការខកចិត្តចំពោះការចេញផ្សាយព័ត៌មាននាពេលថ្មីៗនេះ របស់អ្នករាយការណ៍ពិសេសចំនួន៣រូប ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងរបស់កម្ពុជា ជាមួយនឹងមេរោគកូវីដ១៩។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានផ្តល់ការបំភ្លឺ ដូចខាងក្រោម៖

១៖ នៅទូទាំងពិភពលោក ការឆ្លើយតបនឹងការរាតត្បាតកូវីដ១៩ តម្រូវឱ្យមានវិធានការវិសាមញ្ញនិងពុំដែលដាក់ចេញនាពេលកន្លងទៅ ដោយគិតគូរលើកាលៈទេសៈប្រទេសនីមួយៗ។ សម្រាប់កម្ពុជា ការឆ្លើយតប ដែលបានដាក់ចេញតាមរយៈវិធីសាស្រ្តមានការចូលរួមពីតួអង្គរដ្ឋាភិបាល និងសង្គមទាំងមូល និងស្របតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក មានគោលបំណងធានាថា ជីវិតដ៏មានតម្លៃនឹងមិនត្រូវបានបាត់បង់។
គិតត្រឹមថ្ងៃនេះ ប្រទេសកម្ពុជាបានគ្រប់គ្រងមេរោគកូវីដ១៩នេះ ដោយមានករណីវិជ្ជមានតិចជាង ៣៦០ នាក់ ពុំមានអ្នកស្លាប់និងពុំមានការបិទប្រទេសឡើយ។ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៉ី និងលេខ៣ នៅលើពិភពលោក ក្នុងការគ្រប់គ្រងបានប្រសើរបំផុតចំពោះការរាលដាលឆ្លងមេរោគនេះ បើយោងតាម Bureau de Perspective Economique of Senegal។

២៖ ការបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកផ្ទុកមេរោគកូវីដ១៩ ដោយក្រសួងសុខាភិបាល គឺមានសារៈសំខាន់ជាខ្លាំងនិងភាពចាំបាច់បំផុត ក្នុងកាលៈទេសៈតម្រូវឱ្យមានការទប់ស្កាត់ជាបន្ទាន់នូវការឆ្លងចូលសហគមន៍ ដែលមិនទាន់រកឃើញប្រភពច្បាស់នៅឡើយ ក្នុងគោលបំណងការពារសុវត្ថិភាពសុខភាពសាធារណៈនិងសន្តិសុខរបស់ប្រជាជនទាំងមូល ដែលត្រូវបានធានាដោយច្បាប់អន្តរជាតិ។

៣៖ វិធានបណ្តោះអាសន្ននិងមានសមាមាត្រខាងលើ ត្រូវបានដាក់ចេញដើម្បីលើកទឹកចិត្ត និងជំរុញឱ្យមានការតាមរក ធ្វើតេស្ត និង ធ្វើចត្តាឡីស័កឱ្យបានឆាប់រហ័សនិងទាន់ពេលវេលាចំពោះបុគ្គលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ថ្ងៃទី៣ និង២៨ ខែវិច្ឆិកា» សំដៅរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលដែលមិនអាចគ្រប់គ្រងបាន ដូចដែលតំបន់ខ្លះក្នុងពិភពលោកកំពុងជួបប្រទះយ៉ាងធ្ងន់ធ្ងរ។ ជាការគាំទ្រដល់វិធានការខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញជាសាធារណៈនូវអត្តសញ្ញាណផ្ទាល់របស់សម្តេច នៅពេលធ្វើតេស្តកូវីដ១៩ និងបានអំពាវនាវមិនឱ្យមានការរើសអើងចំពោះអ្នកជំងឺកូវីដ១៩ ផងដែរ។

៤៖ ការគាំទ្រនិងកិច្ចសហប្រតិបត្តិការដ៏ធំធេងរបស់ពលរដ្ឋកម្ពុជាចំពោះវិធានការណ៍ខាងលើត្រូវបានឆ្លុះបញ្ចាំង តាមរយៈវត្តមានដ៏ក្លាហានរបស់ពលរដ្ឋកម្ពុជា ចំនួនលើសមួយម៉ឺននាក់ ដែលទាក់ទងដោយផ្ទាល់ ឬដោយប្រយោលជាមួយព្រឹត្តិការណ៍ខាងលើ ចេញមកចូលរួមធ្វើតេស្តកូវីដ១៩ ដោយស្ម័គ្រចិត្ត។

៥៖ កិច្ចប្រឹងប្រែងការពារភាពឯកជនរបស់បុគ្គលពាក់ព័ន្ធក៏ត្រូវបានខំខិតធ្វើឡើងផងដែរ នៅពេលចំនួនករណីវិជ្ជមានកូវីដ១៩ ជាប់ទាក់ទងនឹងព្រឹត្តិការណ៍ខាងលើហាក់បានថយចុះ។ ការដាក់បង្ហាញរូបភាព ដែលបានប្រើប្រាស់ក្នុងគ្រាតម្រូវឱ្យមានប្រតិបត្តិការស្វែងរកជាបន្ទាន់ និងឆាប់រហ័សនោះ ឥឡូវត្រូវបានដកចេញពីសេចក្តីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលរួចហើយ។ ការឈប់បង្ហាញឈ្មោះក៏នឹងត្រូវចាប់ផ្តើមអនុវត្តឡើងវិញ នៅពេលការឆ្លងចូលសហគមន៍ត្រូវបានគ្រប់គ្រងទាំងស្រុង។

៦៖ កិច្ចការពារសិទ្ធិរបស់បុគ្គលដែលត្រូវបានដកហូតសេរីភាពនៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល។ វិធានការប្រុងប្រយ័ត្ន និងគំនិតផ្តួចផ្តើមផ្សេងៗត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ នៅក្នុងពន្ធនាគារ និងដើម្បីដោះស្រាយស្ថានភាពចង្អៀតណែននៅតាមពន្ធនាគារ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ជាថ្មីថា «ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩របស់កម្ពុជាបានដាក់បញ្ចូលនូវគុណតម្លៃសិទ្ធិមនុស្ស។ ចម្បង និងសំខាន់បំផុត គឺសិទ្ធិមានជីវិត សិទ្ធិរស់រាន និងសិទ្ធិទទួលបានការព្យាបាលសុខភាព។ អ្នករាយការណ៍ពិសេស ដែលបុគ្គលខ្លះមិនដែលស្គាល់ច្បាស់ពីកម្ពុជាផងនោះ គួរតែចូលរួមអបអរចំពោះសមិទ្ធផលខាងលើដែលមិនអាចប្រកែកបាន ទទួលស្គាល់នូវអាទិភាពរបស់កម្ពុជា និងបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវ តាមរយៈការជួយបន្ថែម ជាជាងបង្អាក់ដល់បេសកកម្មសង្គ្រោះជីវិត និងទប់ស្កាត់ការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំ»