(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា អនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា»។

ការអំពាវនាវបែបនេះ របស់លោកអភិបាលខេត្តឧត្តរមានជ័យ បានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំពីវិធានការការពារជំងឺកូវីដ-១៩ ជាមួយនឹងការចែកម៉ាស់ បាញ់អាល់កុល និងវាស់កំដៅ ដល់ប្រជាពលរដ្ឋ និងបងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារសំរោង ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះដែរ លោក ប៉ែន កុសល បានឱ្យដឹងថា «ព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» បានធ្វើឱ្យអ្នកខេត្តឧត្តរមានជ័យ ចំនួន ៤៤នាក់ ដែលភាគច្រើនជាមន្ត្រីពន្ធនាគារខេត្ត មន្ត្រីនគរបាលខេត្ត មន្ត្រីកងរាជអាវុធហត្ថខេត្ត និងមន្ត្រីយោធា កំពុងតែធ្វើចត្តាឡីស័ក។ ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ ពួកគាត់ទាំងអស់គ្នាត្រូវបានយកសំណាក២ដង ទៅពិនិត្យរកមេរោគកូវីដ-១៩ តែលទ្ធផលគឺអវិជ្ជមានទាំងអស់ បានន័យថាពួកគាត់គ្មានជំងឺកូវីដ-១៩ទេ ប៉ុន្តែពួកគាត់ក៏នៅយកសំណាកទៅពិនិត្យលើកទី៣ ម្តងទៀត»

លោក ប៉ែន កុសល្យ ក៏អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសបងប្អូនអាជីវករលក់ដូរនៅតាមផ្សារ ត្រូវមានការប្រុងប្រយត្ន័ខ្ពស់ការពារខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩ ដែលវិធានការដ៏មានប្រសិទ្ធិភាពនោះ គឺត្រូវអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺត្រូវឧស្សាហ៍លាងសម្អាតដៃដោយទឹកអាល់កុល ឬជែល ត្រូវពាក់ម៉ាសពេលស្ថិតនៅកន្លែងលក់ដូរ ឬទីប្រជុំជន ការធ្វើបែបនេះ គឺបញ្ជាក់ថាយើងទាំងអស់គ្នាបានចូលរួមបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា»៕