(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាកក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងដកហូតបានគ្រឿងមួយចំនួន នាវេលាម៉ោង ៩យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំងនេះ បានកើតឡើង ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា ពួកគេកំពុងលក់គ្រឿងញៀន នៅចំណុចខាងលើ ទើបលោកដឹកនាំកម្លាំងដល់កន្លែងហើយឃាត់ខ្លួនបានទាំង៣នាក់តែម្តង។

ជនសង្ស័យទាំង ៣នាក់រួមមាន៖ទី១៖ ឈ្មោះ ជឿន បារាំង ភេទប្រុស អាយុ២៤ឆ្នាំ, ទី២៖ ឈ្មោះ ហឹម ភា ភេទប្រុស អាយុ៣៨ឆ្នាំ និងទី៣៖ ឈ្មោះ ហឹម ភាន រស់នៅក្រុងប៉ោយប៉ែត ទាំង៣នាក់។ កម្លាំងអាវុធហត្ថដកហូតបានវត្ថុតាងគ្រឿងញៀន ម្សៅក្រាមពណ៌សថ្លាចំនួន ៣កូនថង់ និងគ្រាប់ថ្នាំយ៉ាម៉ាចំនួន ៥គ្រាប់។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុង បញ្ជូនមកទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីកសាងសមណុំបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕