(រតនគិរី)៖ គ្រាដែលខេត្តរតនគិរីគេសង្កេតឃើញមានរថយន្តសេរីទំនើបៗមួយចំនួន អត់ពន្ធកំពុងធ្វើចរាចរណ៍តាមដងផ្លូវនោះ កម្លាំងគយចល័ត នៃសាខាគយ និងរដ្ឋាករខេត្តរតនគិរី សហការជាមួយកម្លាំងអាវុធហត្ថខេត្តរតនគិរី បានស្ទាក់ចាប់រថយន្តខ្លះ ប៉ុន្តែមិនបានមួយរយៈខ្លីផងគេឃើញរថយន្តអត់ពន្ធទាំងនោះ ត្រូវបានម្ចាស់បើកចេញពីសាខាគយ និងរដ្ឋាករវិញយ៉ាងរំភើយ។

សកម្មភាពរបស់កម្លាំងគយចល័តខាងលើនេះ ត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋ និងមន្ត្រីរាជការខ្លះក្នុងខេត្តរតនគិរី ដែលបានដឹងសាច់រឿង បានរិះគន់ចំពោះចំណាត់ការរបស់មន្រ្តីគយ មិនបានប្រមូលពន្ធចូលរដ្ឋឲ្យបានត្រឹមត្រូវ។

ទាក់ទិនទៅនឹងសកម្មភាកម្លាំងគយចល័ត នៃសាខាគយ និងរដ្ឋាករខេត្តរតនគិរីខាងលើនេះ ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានទូរស័ព្ទសុំការបំភ្លឺពីលោក ហ៊ាល ទូច ប្រធានសាខាគយ និងរដ្ឋាករខេត្តរតនគិរី ប៉ុន្តែលោកមិនបានទទួល។

គួរបញ្ជាក់ថា លោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ខណៈបានអញ្ជើញជាគណៈអធិបតីប្រកាសតែងតាំងលោក ហ៊ាល ទូចជា ប្រធានសាខាគយ និងរដ្ឋាករខេត្តរតនគិរី លោកបានជំរុញឲ្យប្រធានថ្មី មានកិច្ចសហការល្អជាមួយអាជ្ញាធរខេត្ត, ជាមួយស្ថាប័នតុលាការ, ជាមួយកម្លាំងប្រដាប់អាវុធ ដើម្បីសម្រេចការងារជោគជ័យ ក្នុងការប្រមូលពន្ធជូនរដ្ឋ ប៉ុន្តែដោះលែងរថយន្តសេរីទំនើបៗមួយចំនួន ដែលអត់ពន្ធមិនដឹងថាមានអន្តរាគមន៍ពីថ្នាក់លើណាខ្លះទេនោះទេ៕