(ព្រះសីហនុ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវដល់ក្រុមកងវិស្វកម្ម ស្ថាបនាផ្លូវជាតិលេខ៤ ត្រូវត្រួតពិនិត្យការងាររបស់ខ្លួន ឲ្យបានច្បាស់លាស់ និងត្រូវធ្វើការឲ្យមានលក្ខណៈជាអាជីព ដើម្បីកុំឲ្យប៉ះពាល់បណ្ដាញអគ្គិសនីជាតិ។

ការអំពាវនាវយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីក្រុមកងវិស្វកម្ម ស្ថាបនាផ្លូវជាតិលេខ៤ បានប្រើប្រាស់គ្រឿងចក្រធំៗ កាយប៉ះបណ្ដាញខ្សែកាប្លិ៍ជាច្រើនកន្លែង ដែលធ្វើឲ្យប៉ះពាល់ដល់ស្ថេរភាព ក្នុងការផ្គត់ផ្គង់អគ្គិសនី ជូនប្រជាពលរដ្ឋ ក្នុងខេត្ដព្រះសីហនុ។

តាមរយៈបណ្ដាញព័ត៌មាន Fresh News លោក កែវ រតនៈ បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវឲ្យកងវិស្វកម្ម ធ្វើការឲ្យមានលក្ខណៈជាអាជីព និងត្រួតពិនិត្យការងារ ឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យការធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវ បង្កមហន្ដរាយដល់វិស័យដទៃ ជាពិសេសចំពោះមុខ ប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលខ្វះខាតអគ្គិសនី»

លោក កែវ រតនៈ បានឲ្យដឹងផងដែរថា អគ្គិសនីកម្ពុជា ខេត្តព្រះសីហនុ ស្វាគមន៍ជានិច្ចក្នុងការសហការ ជាមួយក្រុមកងវិស្វកម្ម ស្ថាបនាផ្លូវជាតិលេខ៤ ដើម្បីធ្វើយ៉ាងណាសម្រួលដល់ប្រជាពលរដ្ឋ កុំឲ្យមានការខកខាន ក្នុងការប្រើប្រាស់អគ្គិសនី ជាពិសេសរដូវនេះ រដូវក្ដៅ ដែលប្រជាពលរដ្ឋចាំបាច់ ត្រូវការប្រើប្រាស់៕