(ភ្នំពេញ)៖ លោក ហុង សុគុណ វឌ្ឍនៈ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុគ្គលឈ្មោះ នី ណាក់ ម្ចាស់ផេក «Iman KH» ដាក់ពន្ធនាគារ ចោទប្រកាន់ពីបទ «ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង»។ នេះបើតាមដីកាដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។

គួរជម្រាបថា បុគ្គលឈ្មោះ នី ណាក់ ម្ចាស់ផេក «Iman KH» ដែលតែងបង្ហោះព័ត៌មានញុះញង់ និងបង្កចលាចលតាមបណ្ដាញសង្គម Facebook ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។

ការចាប់ខ្លួនបុគ្គលឈ្មោះ នី ណាក់ ធ្វើឡើងតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ។

មន្ដ្រីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា បុគ្គលនេះត្រូវបានចាប់ខ្លួន តាមពាក្យបណ្តឹងរបស់ក្រសួងកសិកម្មពាក់ព័ន្ធការរិះគន់ និងបង្ហោះព័ត៌មានមិនពិត នាំឲ្យមានចលាចលនៅក្នុងសង្គម។

គួរជម្រាបថា នេះមិនមែនជាលើកទី១នោះ ដែលកម្លាំងនគរបាលចាប់ខ្លួនបុគ្គលឈ្មោះ នី ណាក់ ម្ចាស់ផេក «Iman KH»។ មូលហេតុដែលកម្លាំងនគរបាលចាប់ខ្លួនបុគ្គលរូបនេះ គឺដោយសារតែការបង្ហោះសារមានលក្ខណៈញុះញង់ និងមាក់ងាយទៅលើរាជរដ្ឋាភិបាល ក្នុងចេតនាបង្កចលាចលនៅលើបណ្ដាញសង្គមជាដើម៕