(អាមេរិក)៖ ថ្លែងបែបលេបខាយទៅកាន់សហរដ្ឋអាមេរិក ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងបំពេញ បេសកកម្មនៅលើទឹកដី សហរដ្ឋអាមេរិក បានលើកឡើងថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាជំពាក់បំណុលគេ ប្រហែល៣០០ដុល្លារប៉ុណ្ណោះក្នុងម្នាក់ ចំណែកសហរដ្ឋអាមេរិកវិញ ជាប់បំណុលគេរហូតដល់ ៥២០០០ដុល្លារក្នុងពលរដ្ឋអាមេរិកម្នាក់ៗ ពិតជាច្រើនណាស់​, នេះបើយោងតាមសេចក្តីរាយការណ៍ ពីតំណាងអង្គភាពព័ត៌មាន Fresh News ពីសហរដ្ឋអាមេរិកឲ្យដឹងយ៉ាងដូច្នេះ។

តំណាងអង្គភាពព័ត៌មាន Fresh News ពីសហរដ្ឋអាមេរិកបានឲ្យដឹងទៀតថា ក្រៅពីនោះសម្តេចតេជោ បានបន្តលើកឡើងរិះគន់សហរដ្ឋអាមេរិក អំពីសេវាកម្មយន្តហោះផ្សេងៗ និងការប្រើប្រាស់ទូរស័ព្ទ នៅសហរដ្ឋអាមេរិកផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមកចូលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅលើទឹកដីសហរដ្ឋអាមេរិកនេះ ក្នុងនាមជាប្រមុខរដ្ឋាភិបាល នៃរដ្ឋអធិបតេយ្យមួយ ដែលស្មើមុខ ស្មើមាត់ជាមួយប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា, មិនមែនជាកូនជឹងរបស់អាមេរិកទេ។

ការថ្លែង និងលើកឡើងរបស់សម្តេចយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលជួបសំណេះសំណាល ជាមួយបងប្អូនពលរដ្ឋខ្មែររស់នៅអាមេរិកជាង ៥០០នាក់ នៅសណ្ឋាគារ Hyatt Regency Indian Wells ក្នុងទីក្រុង Rancho Mirage រដ្ឋ California, ហើយនៅពេលនេះកិច្ចជួបសំណេះសំណាល បានបញ្ចប់ហើយ (នៅម៉ោង៦៖២០នាទីល្ងាច ម៉ោងនៅសហរដ្ឋអាមេរិក) ៕