(ព្រះវិហារ)៖ កម្លាំងនគរបាលជំនាញស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែធ្នូ ឆ្នូ ឆ្នាំ២០២០នេះ បានកោះហៅក្មេងម្នាក់ជាម្ចាស់គណនី Facebook ឈ្មោះ «Bii Qeen» មកបំភ្លឺ និងសុំទោសជាសាធារណៈ ក្រោយបង្ហោះព័ត៌មានមិនពិត និងធ្វើឱ្យប៉ះពាល់កិត្តិយសដល់ម្ចាស់អាហារដ្ឋាន «ជំនោរវាលស្រែ» ថាកើតជំងឺកូវីដ-១៩។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីម្ចាស់គណនីឈ្មោះ «Bii Qeen» មានឈ្មោះ បុន សុគន អាយុ១៧ឆ្នាំ រស់នៅភូមិចំបក់ផ្អែម ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ ជាសិស្សរៀននៅវិទ្យាល័យរវៀង។

លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះថា ការកោះហៅក្មេងស្រីម្ចាស់អាខោនហ្វេកប៊ុកឈ្មោះ «Bii Qeen» ឱ្យមកបំភ្លឺចំពោះមុខសមត្ថកិច្ច គឺយោងទៅតាមពាក្យបណ្តឹងរបស់ម្ចាស់ហាងអាហារដ្ឋាន «ជំនោរវាលស្រែ» ដែលបានកើតទុក្ខមិនសុខចិត្ត ចំពោះការបង្ហោះព័ត៌មានរបស់ក្មេងស្រីនេះ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសហាងរបស់គាត់។

លោកអធិការស្រុក បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្លឹមសារដែលក្មេងស្រីខាងលើបង្ហោះចូលបណ្តាញសង្គមគឺ «ស្រុករវៀង ត្រូវបានឆ្លងកូវីដ-១៩ បានសម្រេចមែន អ្នកទៅហូបបាញ់ឆែវត្រូវបានឃុំខ្លួន ចូលរួមការពារខ្លួនផង» ក្រោយក្មេងស្រីខាងលើបានបង្ហោះរួច ម្ចាស់ហាងបាញ់ឆែវ ដែលប្រើប្រាស់បណ្តាញសង្គមឈ្មោះ «អាហារដ្ឋាន ជំនោរវាលស្រែ» បានបង្ហោះវិញថា បើបងប្អូនបានស្គាល់ម្ចាស់អាខោនហ្វេកប៊ុកឈ្មោះ «Bii Qeen» ជួយប្រាប់ខ្ញុំផង ជាព័ត៌មានមិនពិត សូមម្ចាស់គណនីដែលបានផុសធ្វើការកែតម្រូវព័ត៌មានវិញផង។ ការបង្ហោះបំភ្លៃពីការពិតបែបនេះ ធ្វើឱ្យជ្រួលច្របល់ និងប៉ះពាល់ដល់កិត្តិយសគ្រួសារខ្ញុំ»

លោកវរសេនីយ៍ សាយ ដេត បានបន្តថា ជាមួយនឹងការបង្ហោះរបស់ម្ចាស់ហាងខាងលើ ស្វែងរកអាខោនក្មេងស្រីដែលបានបង្ហោះធ្វើអោយប៉ះពាល់ដល់ការលក់ដូរនៅហាងរបស់គាត់រួចមក ម្ចាស់ហាងខាងលើក៏បានមកប្តឹងសមត្ថកិច្ចផងដែរ។

ក្រោយទទួលបានពាក្យបណ្តឹងរបស់ម្ចាស់ហាង អាហារដ្ឋាន «ជំនោរវាលស្រែ» និងក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ, កម្លាំងនគរបាលស្រុករវៀង បានធ្វើការស្រាវជ្រាវ រកឃើញក្មេងស្រីម្ចាស់អាខោនហ្វេកប៊ុកឈ្មោះ «Bii Qeen» និងនាំមកកាន់អធិការស្រុកដើម្បីសួរនាំទីបំផុតក្មេងស្រីរូបនេះ ក៏បានសុំទោសជាសាធារណៈ រួចហើយសមត្ថកិច្ចបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ជាមួយនឹងការធ្វើកិច្ចសន្យាផ្តិតមេដៃ ឱ្យបញ្ឈប់ការបង្ហោះរាល់ខ្លឹមសារព័ត៌មានណាដែលមានប្រភពមិនច្បាស់លាស់ ធ្វើឱ្យប៉ះពាលដល់សង្គមជាតិ និងកិត្តិយសសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ៕