(កណ្តាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានរស់នៅតាម បណ្តោយសងខាងផ្លូវ៧មករា ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី និងសង្កាត់កំពង់សំណាញ់ និងផ្លូវក្រុងលេខ២១៣ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ឱ្យដឹងថាមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នឹងបើកការដ្ឋាន

ជួសជុលឡើងវិញផ្លូវ ក្នុងក្រុងតាខ្មៅចំនួន ០២គម្រោង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះតទៅរហូតដល់គម្រោងត្រូវបញ្ចប់។

បើតាមសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ស្នើសុំឱ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមបណ្តោយផ្លូវខាងលើនេះមេត្តាអធ្យាស្រ័យ និងជួយសហការអនុវត្តន៍ ឱ្យបានលទ្ធផលល្អប្រសើរ។

គម្រោងទាំង២ ដែលត្រូវជួសជុលឡើងវិញ មានដូចខាងក្រោម៖

ទី១៖ ការងារជួសជុលឡើងវិញផ្លូវ ៧មករា ភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវលេខ២០១ ដោយចាក់បេតុងសសៃ ដែកប្រវែង ៨០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី និងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

និងទី២៖ ការងារជួសជុលឡើងវិញកំណាត់ផ្លូវលេខ២១៣ ដោយចាក់បេតុងសសៃដែក ប្រវែង ៤២៥ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០.២០ម៉ែត្រ និងការងារដាក់លូមុខកាត់ ០.៦០ម៉ែត្រ មានប្រវែង ៧០០ម៉ែត្រ និងរ៉ឺហ្គាទំហំ ១.២ម៉ែត្រ គុណ១.២ម៉ែត្រ ចំនួន ២៩កន្លែង តាមបណ្តោយផ្លូវ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល៖