(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសពីការទិញវ៉ាក់សាំងការពារប្រឆាំងជំងឺកូវីដ-១៩ ដើម្បីផ្តល់ជូនប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ និងបន្ទាប់ពីទទួលបានអនុសាសន៍ណែនាំពីលោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ជ្រុន ថេរ៉ាវ៉ាត ប្រធានផ្នែក ក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា និងជំនួយការទាំងអស់ ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលរួមបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាលតាមការស្ម័គ្រចិត្ត ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ។

លោក ជ្រុន ថេរ៉ាវ៉ាត បានបញ្ជាក់ថា ដោយសារជំងឺកូវីដ-១៩ ពុំទាន់មានថ្នាំព្យាបាលនៅឡើយ ដូច្នេះវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ-១៩នេះ គឺជាជម្រើសដ៏ល្អជាងគេបំផុត ក្នុងចំណោមវិធានការបង្ការដទៃទៀត ដើម្បីការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន ក៏ដូចជាធ្វើឲ្យសង្គមជាតិ និងការរស់នៅរបស់ប្រជាជនកម្ពុជា វិលទៅរកភាពប្រក្រតីឡើងវិញ។

លោក ជ្រុន ថេរ៉ាវ៉ាត បានអះអាងបន្តទៀតថា បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសពីការទិញវ៉ាក់សាំងការពារប្រឆាំងជំងឺកូវីដ-១៩ ដើម្បីផ្តល់ជូនដល់ប្រជាជនកម្ពុជា ដោយឥតគិតថ្លៃរួចមក ប្រជាជនកម្ពុជាមានសេចក្តីសប្បាយរីករាយជាខ្លាំង ចំពោះដំណឹងដ៏សែនរីករាយនេះ និងបានបង្ហាញនូវការគាំទ្រតាមគ្រប់រូបភាព ហើយក្នុងនោះយើងឃើញមានសប្បុរសជនជាច្រើនទាំងក្នុង និងក្រៅប្រទេស បានសម្តែងនូវសុឆន្ទៈ បរិច្ចាគថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ-១៩ នេះ ក្នុងទឹកចិត្តស្រឡាញ់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួន។

តាមរយៈការចូលរួមដ៏ច្រើនរបស់ប្រជាជនកម្ពុជា ក្នុងការបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាល សម្រាប់ការទិញវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនដោយឥតគិតថ្លៃនេះ បានក្លាយជាចលនាប្រជាជនមួយ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ទុកថាជា «ខឿនការពារសុខភាពរបស់ប្រជាជន»។

ជាក់ស្តែង ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រមូលបានថវិកាពីថ្នាក់ដឹកនាំ សមាជិក-សមាជិកា និងជំនួយការ សរុបចំនួន២៤,៦៣២ ដុល្លារ ក្នុងនោះមាន៖

*ទី១៖ ថវិកាចំនួន ១០,៩៩៩ដុល្លារ ចូលតាមផ្នែកក្រសួង-ស្ថាប័ន នៃយុវជនថ្នាក់កណ្តាល
*ទី២៖ ថវិកាចំនួន ១៣,៦៣៣ ដុល្លារ ចូលតាមខុទ្ទកាល័យសម្តេចតេជោ (ដូចមានបញ្ជី)៕

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះថ្នាក់ដឹកនាំ សមាជិក-សមាជិកា និងជំនួយការដែលបានបរិច្ចាកថវិកា៖