(ភ្នំពេញ)៖ ជាដំណឹងល្អ ដែលព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន​ បញ្ជាក់ថា មិនករណីឆ្លងជំងឺកូវីដ១៩ ថ្មីនៅកម្ពុជានោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ។

ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកចំនួន ៨៣៩សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ថ្មីទាំងអស់។ ដោយឡែកមាននៅសល់វត្ថុសំណាកចំនួន ៦៨សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ។

សរុបអ្នកជំងឺកូវីដ១៩ ដែលបានរកឃើញក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤០នាក់ (ស្ត្រី១៩នាក់ និងបុរស២១នាក់)។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៥៧នាក់ ក្នុងនោះអ្នកជំងឺ៣០៧នាក់ព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៥០នាក់៕