(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកបាណន់ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកមួកសុវត្តិភាពជូន គ្រូបង្រៀនចំនួន៨២២នាក់ ទូទាំងស្រុកបាណន់ នាព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៦ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ភ្នំសំពៅ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងស្រុក មន្រ្តីរាជការលោកគ្រូ អ្នកគ្រូ មកពីសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យនានា ជុំវិញស្រុកចូលចូលរួមផងដែរ។

នាយឧត្តមសេនីយ៍ សុខ ផល បានបញ្ជាក់ថា ថ្វីត្បិតថ្ងៃនេះយើងបានជួបជុំគ្នាមហាគ្រួសារ គ្រូបង្រៀនចំនួន៨២២នាក់ ដែលកំពុងបំពេញការងារ តែយើងក៏មិនត្រូវភ្លេចលោកគ្រូ អ្នកគ្រូ ដែលគាត់បានចូលនិវត្តន៍ហើយនោះដែរ ព្រោះដោយសារតែពួកគាត់ បានខិតខំបង្ហាត់បង្រៀនពួកយើង ជាគ្រូជំនាន់ក្រោយនេះ ហើយទើបយើងមានចំណេះបន្តវេណ ដើម្បីបង្រៀនសិស្សតៗគ្នារហូតទៅដែរ។

នាយឧត្តមសេនីយ៍ សុខ ផល បានបន្តថា វិស័យអប់រំ គឺជាវិស័យអាទិភាពក្នុងចំណោមវិស័យផ្សេងៗ ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស និងដើរតួរយ៉ាងសំខាន់ណាស់ សម្រាប់ឈានទៅរកការអភិវឌ្ឍន៍ប្រទេសបាន បើគ្មានចំណេះដឹងទេ គឺមិនអាចមានសមត្ថភាព លទ្ធភាព គ្រប់គ្រងនិងធ្វើការងារលើវិស័យផ្សេងបានឡើយ។

ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកបាណន់ ក៏បានចូលរួមរម្លឹកពីការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា ដើម្បីកាត់បន្ថយអាត្រាស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបញ្ហាធំមួយសម្រាប់សង្គមជាតិ ដូច្នេះក្រុមការងារបាននាំមួកសុវត្តិភាពចំនួន៨២២មួក មកចែកជូនទាំងអស់គ្នានាថ្ងៃនេះ ស្របពេលចំថ្ងៃ ទិវានៃសេចក្តីស្រឡាញ់១៤កុម្ភៈនៃទិវាពិភពលោក ខណៈដែលស្រុកបាណន់ បានចែកជូនប្រជាពលរដ្ឋទូទៅបាន២ពាន់មួករួចហើយ។ ទន្ទឹមនិងការចែកមួកនេះដែរ ប្រធានក្រុមការងារក៏បានចែកថវិកាកំដដៃជូនលោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀលផងដែរ៕