(ភ្នំពេញ)៖ ថ្ងៃនៃក្តីស្រឡាញ់​មានប្រភពដើម​នៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ដែលមានអាយុកាលរាប់រយឆ្នំាកន្លងមកហើយ ។ ថ្ងៃនៃក្តីស្រឡាញ់ ត្រូវបានរីកសាយភាយពាសពេញ​បណ្តាប្រទេស​ក្នុងតំបន់អ៉ឺរ៉ុបក្រោយមក និងបានរីកសាយភាពដល់ប្រជាជនទូទំាង​​ពិភពលោកនំាគ្នាប្រារពធ្វើ​ឡើងជារៀងរាល់ឆ្នំា ជាពិសេសប្រទេសស៊ីវិល័យ ដែលបានរៀបចំឱ្យមានរូបភាពផ្សេងៗគ្នា តាមរយៈការបង្ហាញ​នូវទង្វើ ឬសកម្មភាពនានាដែលឆ្លុះបញ្ចំាង​អំពីការស្រឡាញ់ ការគោរព ការដឹងគុណ ចំពោះមាតាបិតា មិត្តភក្តិ មនុស្សជាទីស្រឡាញ់ ជនចាស់ជរា និងលោកគ្រូ អ្នកគ្រូ ជាដើម ។

ជាមួយគ្នានេះ វាក៏បានរីករាលដាលរហូតដល់តំបន់អាស៊ីអាគ្នេយ៍ ។ ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ ។ ក្នុងរយៈពេល១០ ឆ្នំាចុងក្រោយនេះ ដោយសារលំហូរប្រព័ន្ធព័ត៌មាន បច្ចេកវិទ្យា ក្នុងរបត់នៃសកលភាវូបនីយកម្ម យុវជនកម្ពុជាភាគច្រើនបានស្រូប​យកឥទ្ធិពល​ថ្ងៃនៃក្តីស្រឡាញ់​យ៉ាងឆាប់រហ័ស និងមានមួយចំនួនធំបានដាក់ឈ្មោះឱ្យ «ថ្ងៃនៃក្តីស្រឡាញ់ ១៤ កុម្ភៈ» ទៅជា «ថ្ងៃទិវាបុណ្យសង្សារ» ហើយបានប្រើប្រាស់ឱកាសនេះក្នុងរូបភាព​យ៉ាងគគ្រឹកគគ្រេង តាមរយៈការជូនផ្កា ឬ ការដូជូនគ្នាទៅវិញទៅមក ដើម្បីប្តូយកការស្រឡាញ់ សេចក្តីស្នេហា ឬ ឈានទៅដល់ជ្រុលជ្រួស​ផ្នែករូបរាង្គកាយ​នៅតាមផ្ទះសំណាក់ និងសណ្ឋាគារដោយសាតែចាញ់បោកការនិយាយលួងលោម ឬការដូពីដៃគូរបស់ខ្លួន ។ សកម្មភាពនេះ វាមិនត្រឹមតែប្រាក​ចាកពីខ្លឹមសារដើមថ្ងៃនៃក្តីស្រឡាញ់តែប៉ុណ្ណោះទេ ផ្ទុយទៅវិញវាបានជាន់ឈ្លីតម្លៃនៃវប្បធម៌ ប្រពៃណី តម្លៃស្រ្តី និងគ្រួសារខ្មែរ និងប៉ះពាល់ដល់តម្លៃសង្គម កិត្តិយសក្រុមគ្រួសារ និងខូចកិត្តិយសខ្លួនឯងក្នុងនាមជាស្ត្រីខ្មែរ ។  

ដោយមើលឃើញពីបញ្ហាប្រឈម និងផលប៉ះពាល់ទំាងអស់នេះ ក្រុមយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំមូលនិធិក្តីស្រឡាញ់ចំនួន៣ លើកកន្លងមកហើយ ចាប់តំាងពីឆ្នំា២០១៤ រហូតដល់ឆ្នំា២០១៦នេះ ក្នុងគោលដៅជំរុញឱ្យបុត្រធីតាគ្រប់រូបត្រូវធ្វើអំពើជាកុសល​ដើម្បី​រំលឹក​​អំពី​ក្តី​ស្រលាញ់ ព្រហ្មវិហារធម៌ និងទឹកចិត្តកតញ្ញូតាធម៌ចំពោះ​លោកអ្នកមាន​គុណ​ដែល​​បានបង្កើត និង​​ចំណាយ​ពេលមួយជីវិតក្នុងការចិញ្ចឹមបីបាច់​ថែរក្សា និង​ អប់រំបុត្រធីតា​គ្រប់ៗរូប​ឲ្យក្លាយ​ជា​កូន​​ល្អ មិត្តល្អ សិស្សល្អ សម្រាប់សង្គមជាតិ។ ជាមួគ្នានេះ គឺចង់ផ្ញើសារដល់យុវជនខ្មែរទំាងអស់យល់ឱ្យបានច្បាស់អំពីតម្លៃថ្ងៃនៃក្តីស្រឡាញ់ និងកែប្រែទស្សនៈ និងការយល់ឃើញនូវថ្ងៃ១៤កុម្ភះ ថាជា «ទិវាបុណ្យសង្សារ» ទៅជា«ថ្ងៃនៃក្តីស្រឡាញ់» ដែលខ្លួនអាចចូលរួមធ្វើសកម្មភាពរួមគ្នា ដើម្បីចែករំលែកធនធានថវិកា សម្ភារៈ សកម្មភាពជួយកុមារកំព្រា​ កុមារពិការ គថ្លង់ កុមារផ្ទុកមេរោគអេដស៍ ទុរគតជន ជនចាស់ជរាទីទាល់ក្រ  ឱពុកម្តាយ លោកគ្រូអ្នកគ្រូ និងអ្នកមានគុណ ជាដើម ។

ដោយឃើញពីស្មារតីរួបរួម សាមគ្គីគ្នាយ៉ាងសកម្មរបស់យុវជនស្ម័គ្រចិត្ត និងដោយទទួលបានទំនុកចិត្ត និងភាពជឿជាក់ សកម្មភាពមូលនិធិក្តីស្រឡាញ់នៅឆ្នំា២០១៦នេះ ទទួលបានការគាំទ្រ និងមានការចូលរួមយ៉ាងសកម្មពីសំណាក់ មន្រ្តីរាជការ កងកំលាំង​ប្រដាប់អាវុធ តាមបណ្តាក្រសួង ស្ថាប័ន សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ព្រះសង្ស អាជីវករ កម្មករកម្មការនី អ្នករត់ម៉ូឌុប និងមានការចូលរួមជាច្រើនទៀតពីសំណាក់សាធារណៈជន សរុបទទួលបានថវិកាចំនួន ៧៨,៤៤៣,​៤០០ លានរៀល និង ១១,៤១៩.០០ ដុល្លារសហរដ្ឋអាមេរិក ព្រមជាមួយសម្ភារៈមួយចំណួនទៀត (គិតត្រឹមម៉ោង៩:០០ យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នំា២០១៦) ។

ថវិកា និងសម្ភារៈទំាងអស់អស់គ្រោងនឹងបែងចែកយកទៅជួយតាមទីតំាង និងចំនួនដូចខាងក្រោម៖
១-អង្គការកូលាប (កុមារកំព្រា គ្រួសារក្រីក្រ ក្មេងតាមចិញ្ចើមថ្នល់ ក្មេងទទួលរងអំពើហឹង្សា​ក្នុងគ្រួសារ សរុប ៧៩នាក់)​
២-អង្គការSFODAS Orphanage (កុមារកំព្រា គ្រួសារក្រីក្រ និងកុមារផ្ទុកមេរោគអេដស៍ សរុប​ ៥០នាក់)
៣-អង្គការ CPCBO អង្គការ House of Family (កុមារកំព្រា ក្មេងចិញ្ចើមថ្នល់ សរុប ៣០នាក់)
៤-អង្គការបុរីទារកនិងកុមារ (ក្មេងផ្ទុកមេរោគអេដស៏ សរុប ១១៧នាក់)
៥-អង្គការការ៉ាម៉ាណា (កុមារពិការ និងផ្ទុកមេរោគអេដស៏ សរុប ១៥០នាក់)
៦-ផ្ទះបាយកុមារ (ក្មេងរស់នៅតាមសួនសាធារណៈ សំណង់មិនរៀបរយ ក្មេងរើសអេតចា កុមារសំទាន កុមារលក់ផ្កា លក់តាមហាងពេលយប់ និងលក់លៀសហាលជាដើម សរុប ៣០០នាក់)
៧-អង្គការ “ការអភិវឌ្ឍន៏ កុមារកម្ពុជា” (ក្មេងកំព្រា គ្រួសារក្រីក្រ សរុប ៤១នាក់)
៨-ជនចាស់ជរា ទុរគតជន និងទីទ័លក្រ រស់នៅតាមសំយ៉ាបផ្ទះ ទីផ្សារ លូទឹកស្អុយ សួនច្បារនៅលើផ្លូវថ្នល់ សរុប ៤០០នាក់ និង
៩-មន្ទីពេទ្យគន្ធរបុប្ផា