(ភ្នំពេញ)៖ បុរសស្រវឹងស្រាជោកម្នាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ទៅបុករះទ្វារផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ល្វែង បង្កជាការភ្ញាក់ផ្អើលទាំងកណ្តាលយប់ នៅម៉ោង១១៖៣០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ១៣៩ ស្ថិតក្នុងសង្កាត់ផ្សារអូឬស្សីទី៣ ខណ្ឌ៧មករា។

សាក្សីឃើញហេតុការណ៌នេះ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញបុរសម្នាក់ រួមជាមួយនឹងស្រីម្នាក់ផងដែរ បានជិះរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Range Rover  ស្លាកលេខភ្នំពេញ 2AJ-9997 តាមបណ្តោយផ្លូវ១៣៩ លុះបើកមកដល់ចំណុចកើតហេតុ ត្រង់មុខផ្ទះលេខ៨៣ អ្នកបើកបរដែលស្រវឹង មិនដឹងបើកយ៉ាងម៉េចនោះទេ បានបើករេចង្កូតទៅបុករះទ្វារផ្ទះ របស់ប្រជាពលរដ្ឋ២ល្វែង បណ្តាលឲ្យខូចខាតទាំងទ្វារផ្ទះ និងរថយន្តយ៉ាងដំណំផងដែរ តែសំណាងល្អទាំងអ្នកបើក និងអ្នករួមដំណើរមិនមានរងរបួសនោះទេ។

បន្ទាប់ពីបុករួចម្ចាស់រថយន្តបង្ក មិនបានរត់ទៅណាទេ គឺព្រមទទួលកំហុស ហើយបានចរចាជាមួយម្ចាស់ផ្ទះ ដើម្បីសងសំណងបញ្ចប់រឿង នៅកន្លែងកើតហេតុតែម្តង៕