(សៀមរាប)៖ ករណីឃាតកម្មដោយកាត់ក្បាលក្មេងស្រី នៅផ្ទះសំណាក់ប្រាសាទកែវ នាព្រឹកម៉ិញនេះ សមត្ថកិច្ចបានរកឃើញអត្តសញ្ញាណហើយ។ ជនរងគ្រោះមានឈ្មោះ ឡេន សិលា អាយុ ២៤ឆ្នាំ រស់នៅភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ នេះបើតាមការបំភ្លឺពីម្តាយជនរងគ្រោះ ឈ្មោះ កេង ធីតា ។

គួររំលឹកថា អំពើឃាតកម្មខាងលើ បានកើតឡើង កាលពីម៉ោង១២ថ្ងៃត្រង់ ទី១៣​ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅផ្លូវផ្សារញ៉ែ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប​ ចំណុចផ្ទះសំណាក់ យីហោប្រាសាទកែវ។ សាកសពនារីរងគ្រោះ អាចឃាតក សម្លាប់នៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ២​០​១៦នេះ​ ដោយឃាតកជាជនដៃដល់សម្លាប់យ៉ាងព្រៃផ្សៃ​ កាត់ក្បាលនារីរងគ្រោះរួចហើយយកក្បាលទៅបាត់ ខណៈ​​ដែលសមត្ថកិច្ចរកមិនឃើញក្បាលនោះឡើយ នៅគ្រប់បន្ទប់ទាំងអស់នៃផ្ទះសំណាក់។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកព័ត៌មានបន្ថែម ដើម្បីតាមរកចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមផ្លូវច្បាប់៕