(ភ្នំពេញ)៖ លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើង និងលោកជំទាវ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកា ២ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលមេរោគមួយនេះ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕