(បន្ទាយមានជ័យ)៖ សមាជិកគណ:អចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានទៅជួបជាមួយ ប្រធានគណបក្សភូមិ ប្រធានគណបក្សឃុំ ទាំងអស់របស់ស្រុកស្វាយចេក ដើម្បីផ្តល់មតិណែនាំ និងដាក់ផែនការបន្តទៀត លើការចុះមូលដ្ឋាន ជួយដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋ និងបំផុសស្មារតីរបស់ពួកគាត់ ឲ្យនៅជាមួយគណបក្សប្រជាជនកម្ពុជា កុំឲ្យចាញ់បោកប្រាស់ របស់គណបក្សនយោបាយមួយចំនួន។

លោក អាត់ ខែម ដែលទទួលបន្ទុកចុះជួយស្រុកស្វាយចេកផងនោះ បានថ្លែងថា យើងត្រូវរួមគ្នា បន្តចុះតាមផ្ទះប្រជាពលរដ្ឋ ដោយជួយសួរនាំ និងដោះស្រាយបណ្តាកង្វល់ជូនពួកគាត់ បើសិនកើតមានឡើង និងត្រូវការឲ្យយើងជួយនោះ កុំទុកបញ្ហាទាំងនោះក្លាយជាជំងឺមហារីក រហូតមានបក្សនយោបាយ​ ចូលមកពាក់ព័ន្ធនោះឡើយ។

លោកក៏បានប្រាប់ទៅថ្នាក់ដឹកនាំតាមមូលដ្ឋានទាំងអស់ត្រូវបន្តយុទ្ធនាការ អប់រំ ក៏ដូចជាប្រាប់ទៅកាន់ប្រជាពលរដ្ឋ ចំពោះការសន្យាខ្យល់របស់បក្សនយោបាយមួយចំនួន ដែលមិនបានធ្វើអ្វីជូនជាតិ បានត្រឹមតែអួតក្អេងក្អាងប៉ុណ្ណោះ។

ក្រៅពីការងារស្នូលទាំងនេះ លោក អាត់ ខែម ក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏ដូចជា លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យផងដែរ។

នៅក្នុងពិធីនេះលោកបានចែកជូនមួកសុវត្ថិភាព ជិត១៣០មួក ជូនដល់អ្នកចូលរួមផងដែរ ព្រមទាំងឧបត្ថម្ភសាំង ៦០លីត្រ ដល់វត្តកកោះ របស់ឃុំស្លក្រាម សម្រាប់ការដឹកជញ្ជូនទឹក៕