(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកបាណន់ និងជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ អញ្ជើញបើកការដ្ឋានជួសជុល ផ្លូវក្រាលក្រួសក្រហម១ខ្សែប្រវែង ៩,៤០០ម៉ែត្រ មានទទឹង៦ម៉ែត្រ នៅចំណុចភូមិស្វាយប្រគាបឃុំឈើទាល ស្រុកបាណន់ខេត្តបាត់ដំបង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ច័ន្ទ សុផល អភិបាលខេត្ត លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំង សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបចូលរួមផងដែរ។

លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានសម្តែងក្តីរីករាយ ដោយខេត្តបាននិងកំពុងកសាងជួសជុលផ្លូវដែលជាសមិទ្ធិផលមួយបន្ថែមទៀតទុកឲ្យប្រជាពលរដ្ឋយើងប្រើប្រាស់ប្រចាំថ្ងៃ និងជួយសម្រួលកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋយើងបានមួយកម្រិតទៀតផងដែរ។

នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងថា ក្នុងនាមសម្តេចក្រឡាហោម ស ខេង ក៏ដូចជាក្នុងនាមក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ លោកបានបានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ​មន្រ្តីមន្ទីរ​ជំនាញ ដែលតែងតែ ខិតខំប្រឹងធ្វើការទាំងហាលភ្លៀងហាលថ្ងៃទេ គឺបានខិតខំធ្វើការងារជំនាញរបស់ខ្លួនសម្រេចជាហូរហែរកន្លងមក។

នាយឧត្តមសេនីយ៍ សុខ ផល បានបញ្ជាក់ថា យើងទាំងអស់គ្នាធ្វើអ្វីៗ គឺដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋជាធំ ព្រោះប្រជាពលរដ្ឋ គឺជាម្ចាស់ឆ្នោត ដែលតែងតែគាំទ្រ គណបក្សប្រជាជនកម្ពុជា​កន្លងមក និងអនាគត ហើយយើងទាំងអស់គ្នា​ជាអ្នកបម្រើរាស្រ្ត មិនមែនជាចៅហ្វាយរាស្រ្តនោះទេ៕