(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីរ អង្គភាពពាក់ពន្ធ័នានា និងអជ្ញាធរមូលដ្ឋាន បានធ្វើសកម្មភាពផ្សព្វផ្សាយសារសម្លេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល សេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះវិហារ ស្តីពីវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ចាក់តាមមេក្រូតាមដងផ្លូវក្នុងទីប្រជុំជន តាមផ្សារ និងតាមទីតាំងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ។

សូមបញ្ជាក់ថា ក្រោយព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារសម្លេងជាបន្តបន្ទាប់ និងដាក់ចេញនូវវិធានការនានា ក្នុងទិសដៅជំរុញឱ្យស្ថាបន័ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានពិសេសប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលវិធានការចម្បង គឺត្រូវអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

យោងតាមសេចក្តីណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការណែនាំរបស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តព្រះវិហារកាលពីពេលថ្មីៗកន្លងទៅនេះ បានចេញសេចក្តីណែនាំចំនួន ៥ចំណុចស្តីពី វិធានការការពារការចម្លងជំងឺកូវីដ-១៩ ដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ អ្នកបើកបរ និងអ្នកបម្រើភ្ញៀវលើរថយន្តដឹកអ្នកដំណើរ ព្រមទាំងប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ដែលត្រូវធ្វើដំណើរពីគ្រប់ភូមិសាស្ត្រ ក្នុងខេត្តព្រះវិហារ ឆ្ពោះទៅកាន់ និងត្រឡប់មកពីរាជធានីភ្នំពេញ និងខេត្តផ្សេងៗ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្លួន ទៅតាមគោលការណ៍ណែនាំ និងវិធានការការពារការរាតត្បាតជំងឺកូវីដ-១៩ ពិសេសការទប់ស្កាត់ព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា»។

ក្នុងទិសដៅដើម្បីអនុវត្តន៍វិធានការរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក៏ដូចជាសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះវិហារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋនោះ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានសហការជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានធ្វើសកម្មភាពផ្សព្វផ្សាយសារសម្លេងសម្តេចតេជោ ហ៊ុន សែន និងសេចក្តីណែនាំនានា របស់ក្រសួងសុខាភិបាលក៏ដូចជាសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ចាក់តាមមេក្រូតាមដងផ្លូវ តាមទីប្រជុំជនផ្សារ និងតាមក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ក្រៅពីនោះមន្ត្រីជំនាញក៏បាមចុះអប់រំណែនាំដោយផ្ទាល់ស្តីពីវិធានការការពារជំងឺកូវីដ-១៩ទៀតផង៕