(ភ្នំពេញ)៖ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។

ការប្រកាសរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

សម្តេចតេជោ បន្ថែមថា «ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?»

សម្តេចតេជោ ក៏បានបញ្ជាក់ថា «ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង»

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងស្ថានភាពដែលកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីរដ្ឋមន្ត្រក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឱ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជន។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាដៃគូអភិវឌ្ឍន៍នឹងផ្តល់ជំនួយដល់ប្រជាជន ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យ។ សម្តេចតេជោ ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ ២ ទៅ៣លានដូសថែមទៀត សម្រាប់ដំណាក់កាលបន្ទាប់។

កាយវិការនៃការបរិច្ចាគថវិការបស់ឧកញ៉ា ឡេង ណាវ៉ាត្រា នាំឱ្យមានការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងពីមហាជន។ ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានអតីតភាពជាពលករប្រទេសកូរ៉េខាងត្បូង ជាឧកញ៉ាមួយរូប ដែលតែងតែចូលរួមដោះស្រាយការលំបាកជាមួយរាជរដ្ឋាភិបាល រាល់ពេលរាជរដ្ឋាភិបាលមានការលំបាក។

ឧកញ៉ាវ័យក្មេងនៅកម្ពុជារូបនេះ ធ្លាប់បានជួយរាជរដ្ឋាភិបាលច្រើនលើករួចមកហើយ ដូចជាការដោះស្រាយបញ្ហាគ្រោះទឹកជំនន់ និងដោះស្រាយការលំបាកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជាដើម៕