(ក្រចេះ)៖ អភិបាលស្រុកស្នួល ខេត្តក្រចេះ លោក គង់ គឹមនី បានប្រាប់ Fresh News មុននេះថា នៅវេលាម៉ោង៨៖៣០នាទីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ជនសង្ស័យមួយក្រុមមិនទាន់ដឹងថា ប៉ុន្មាននាក់នោះ បានចូលទៅប្លន់ នៅផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិអូរតាញៀន ឃុំស្រែចារ ស្រុកស្នួល ដោយក្រុមចោរបាញ់សំដៅរថយន្ត របស់កម្លាំងនគរបាល ៤ទៅ៥គ្រាប់ បណ្តាលឲ្យរងរបួសមន្រ្តីនគរបាល២នាក់ ម្នាក់ត្រូវជើង និងម្នាក់ទៀតត្រូវដៃ។

លោកអភិបាលស្រុក បានបញ្ជាក់ថា «នៅពេលនេះខ្ញុំកំពុងបញ្ជាកម្លាំងទាំងនគបាល និងអាវុធហត្ថ ដេញតាមក្រុមចោរ ដែលកំពុងរត់គេចខ្លួន»។​​ លោកបន្តថា ពេលចូលប្លន់ផ្ទះប្រជាពលរដ្ឋដែលឮថា ទើបនឹងលក់ដំឡូងបាននោះ ហើយនៅពេលទទួលបានថាមានករណីប្លន់ កម្លាំងនគរបាលស្រុក បើករថយន្តទៅជួយអន្តរាគមន៍ ស្រាប់តែពួកវាបាញ់មកលើឡាន របស់កម្លាំងមានសមត្ថកិច្ច បណ្តាលឲ្យរបួស២នាក់។

យ៉ាងណាក៏ដោយ ពេលនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុងដេញតាមដោយមិនទាន់ដឹងថា ក្រុមចោរមានគ្នាប៉ុន្មាននាក់នោះទេ តែបើមើលតាមគ្រាប់កាំភ្លើងដែលបាញ់ ហើយបៀមជាប់​នឹងមន្រ្តីនគរបាលនោះ ជាប្រភេទកាំភ្លើងខ្លី។

មន្រ្តីនគរបាលខេត្ត បានបញ្ជាក់ថា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ លន់ សុផាត បាននិងកំពុងបញ្ជាកម្លាំង សហការជាមួយអាវុធហត្ថ ធ្វើការស្ទាក់តាមគោលដៅ ដើម្បីតាមបង្ក្រាបក្រុមចោរទាំងនេះ៕