(ភ្នំពេញ)៖ មន្រ្តីអគ្គកុងស៊ុលកម្ពជាប្រចាំខេត្តសាកែវ បានឲ្យដឹងថា សាលាឧទ្ធរណ៍ថៃ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់អាជីវ ករខ្មែរលក់ដូរនៅផ្សាររ៉ុងក្លឿពីនាក់ ដែលបានប៉ះទង្គិច​ជាមួយអាជ្ញាធរថៃ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនោះ។

កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនោះ អាជីវករខ្មែរលក់ដូរនៅផ្សាររ៉ុងក្លឿរបស់ថៃ បានប៉ះទង្គិចគ្នាមួយប្រាវជាមួយក្រុមស៊ើបអង្កេតពិសេសរបស់ថៃ ពីទីក្រុងបាងកក ពេលពួកគេចុះពិនិត្យកម្មសិទ្ធិបញ្ញាលើទំនិញនៅផ្សាររ៉ុងក្លឿ។

ការប៉ះទង្គិចនេះ ក្រុមអាជីវករខ្មែរបានវាយបំផ្លាញរថយន្តរបស់សមត្ថកិច្ចថៃ ឲ្យខូចខាតផងដែរ។ ក្រោយការប៉ះទង្គិចនេះ អាជីវករខ្មែរពីរនាក់ ត្រូវបានសមត្ថកិច្ច ថៃចាប់ខ្លួន និងផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ខែ។

ករណីហិង្សា​រហូតឃាត់​ខ្លួនអាជីវករខ្មែរទាំងពីររូបនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួងការបរទេសកម្ពុជា ឲ្យយកចិត្តទុកដាក់ និងតាមជួយពួក​គេផងដែរ។

មេធាវីស្ថានអគ្គកុងស៊ុល បានផ្ដល់យោបល់ថា ការប្ដឹងតវ៉ាបន្ធូរបន្ថយទោស នឹងត្រូវប្រើពេលវេលាយូរ ដែលអាចអូសបន្លាយរយៈពេលជាប់ពន្ធនាគារ។ ក្រុមមេធាវី បានជំរុញឲ្យទទួល​យកការកាត់ទោស​របស់តុលាការថៃ ដោយជាប់ពន្ធនាគារ ០៣ខែ។

ឆ្លើយតបការផ្តល់យោបល់នេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស បានណែនាំឲ្យស្ថានអគ្គកុងស៊ុលទាក់ ទងទៅក្រុមគ្រួសារ និងជំរាបជូនពីបញ្ហាជូនទៅពួកគេ។

ពាក់ព័ន្ធការលក់ដូរនៅផ្សាររ៉ុងក្លឿនេះដែរ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានណែនាំដល់មន្រ្តីអគ្គកុងស៊ុលកម្ពុជា ចុះសួរសុខទុក្ខអាជីវករទាំងអស់ និងណែនាំឲ្យអាជីវករបើកលក់ដូរជាធម្មតាឡើងវិញ តែជៀសវាងការលក់ទំនិញក្លែងក្លាយខុសច្បាប់ ដែលនាំឲ្យ មានបញ្ហាជាមួយសមត្ថកិច្ចផ្នែកកម្មសិទ្ធិបញ្ញារបស់ថៃ។

យោងតាមការបញ្ជាក់របស់ក្រសួងការបរទេសនៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា តាមការចុះអង្កេតផ្ទាល់របស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅខេត្តសាកែវ ផ្សាររ៉ុងក្លឿពុំ​បានបិទទ្វារទេ ប៉ុន្តែដោយសារអាជីវករមួយចំនួន បានឈប់សម្រាក​ក្នុងឱកាសបុណ្យ​ចូលឆ្នាំចិន និងអាជីវករមួយ​ចំនួនទៀត មានអារម្មណ៍ខ្លាចរអា​ដោយខ្លួនឯង ខ្លាចសមត្ថកិច្ចថៃ ចុះចាប់ទំនិញ​របស់ពួកគេ ទៀត៕