(សេអ៊ូល)៖ យោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានព្រមានកូរ៉េខាងជើង នៅថ្ងៃសុក្រនេះថា កូរ៉េខាងជើង បានធ្វើសកម្មភាពខុសច្បាប់ ក្នុងការបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង និងការបណ្តេញបុគ្គលិកកូរ៉េខាងត្បូង ឲ្យចេញពីតំបន់ឧស្សាហកម្មរួមនៅទីក្រុង Kaesong។

រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Hong Yong-Pyo បានឲ្យដឹងថា ការសម្រេចរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដែលបានទាត់ចោលក្រុមហ៊ុនរបស់កូរ៉េខាងត្បូង គឺពិតជាគួរឲ្យសោកស្តាយ ហើយលោកបន្តថា កូរ៉េខាងជើងគួរតែទទួលខុសត្រូវ ចំពោះផលវិបាកណាមួយដែលកើតឡើង។

កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ខ្លួនបានបិទតំបន់ឧស្សាហកម្ម Kaesong និងបានជំនួសមកវិញ ដោយការគ្រប់គ្រងរបស់យោធា។

គ្រប់ជនជាតិកូរ៉េខាងត្បូង ដែលធ្វើការនៅតំបន់ឧស្សាហកម្មនេះ ដែលមានទីតាំងនៅចម្ងាយ១០គីឡូម៉ែត្រ ចូលទៅក្នុងទឹកដីកូរ៉េខាងជើង ត្រូវបានបណ្តេញចេញ។ កូរ៉េខាងជើង ក៏បានបញ្ជាឲ្យមានការបង្កកទ្រព្យសម្បត្តិទាំងអស់ ដែលនៅក្នុងតំបន់ឧស្សាហកម្មនេះ ក្នុងនោះរួមទាំងឧបករណ៍ប្រើប្រាស់, ផលិតផល និងបរិក្ខាផងដែរ។

រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា ការសម្រេចបិទនេះ គឺជាការឆ្លើយតបទៅនឹងការសម្រេចរបស់ទីក្រុង​សេអ៊ូល ដែលបានបិទប្រតិបត្តិការ ក្រុមហ៊ុនចំនួន១២៤ក្រុមហ៊ុន នៅក្នុងតំបន់ឧស្សាហកម្ម Kaesong ជាការតវ៉ាមួយ ចំពោះការសាកល្បងអាវុធនុយក្លេអ៊ែ និងការបាញ់គ្រាប់រ៉ូកែតរយៈចម្ងាយវែង របស់កូរ៉េខាងជើង កាលពីពេលថ្មីៗកន្លងទៅនេះ៕