(ឧត្តរមានជ័យ)៖ វិវាទដីធ្លីរវាងប្រជាពលរដ្ឋនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាមួយក្រុមហ៊ុនវិនិយោគលើដីសម្បទានសេដ្ឋកិច្ច «ទុំរីងរ៉ាប់ប៊រ័» ដែលបានអូសបន្លាយអស់រយៈពេលប្រមាណ ៥ឆ្នាំមកនោះ ត្រូវបានអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី ចេញមុខដោះស្រាយបញ្ចប់ទាំងស្រុងហើយ នៅព្រឹកថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

ទំនាស់ដីធ្លីរវាងប្រជាពលរដ្ន និង ក្រុមហ៊ុន «ទុំរីងរ៉ាប់ប៊រ័» បានកើតមាននៅឆ្នាំ២០១១ ពោលនៅពេលដែលក្រុមហ៊ុនទទួលបានសិទ្ធិ វិនិយោគលើដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល។ ចាប់តាំងពីបញ្ហា​ទំនាស់កើតឡើងមានប្រជាពលរដ្ឋខ្លះ ក៏បានដោះស្រាយចប់ និងអ្នកខ្លះទៀតមិនព្រម ក៏បានប្តឹងទៅគ្រប់ស្ថាប័ន រួមទាំងអង្កការសង្គមស៊ីវិលផ្សេងៗផងដែរ។

ក្នុងជំនួបស្វែងរកដំណោះស្រាយលើវិវាទដីធ្លីនេះ អភិបាលខេត្តឧត្តរមានជ័យ បានកោះហៅទាំងប្រជាពលរដ្ឋភាគីក្រុមហ៊ុន ព្រមទាំងមន្រ្តីសុរិយោដី មកជួបតទល់មុខគ្នា និង ឡើងបកស្រាយរៀងៗ​ខ្លួនផងដែរ ដើម្បីចង់ដឹងថា តើមានមូលហេតុអ្វីដែលមិនអាចដោះចេញនោះ។

ក្រោយពីបានស្តាប់ការបកស្រាយពីគ្រប់ភាគីមានវិវាទ លោក ស ថាវី បានដាក់ចេញយន្តការដោះស្រាយបញ្ហាចំនួន ៤ចំណុច ដើម្បី ដោះស្រាយបញ្ហា។ យន្តការដោះស្រាយបញ្ហាទាំង៤នោះរួមមាន៖

ទី១. ប្រជាពលរដ្ឋមានវិវាទទាំង ២៧គ្រួសារ ត្រូវបានលោក ស ថាវី ស្នើឲ្យក្រុមហ៊ុនរួមនិងអជ្ញាធរភូមិឃុំស្រុកអន្លង់វែង និងមន្ត្រីសុរិ យោដីចុះសិក្សាពិនិត្យមើលទីតាំងដី។ បើមិនមានការពាក់ព័ន្ធទេ ត្រូវកាត់ដីនេះជូនប្រជាពលរដ្ឋ។

ទី២. ពាក់ពន្ធ័និងប្រជាពលរដ្ឋ ៣៧០គ្រួសារ ដែលមានចុងសន្លឹករបស់ក្រុមនិស្សិតបានវាស់វែង ហើយត្រូវក្រុមហ៊ុនខ្ទាស់មិនឲ្យចេញបណ្ណ័កម្មសិទ្ធនោះ លោកអភិបាលខេត្ត បានណែនាំឲ្យមន្ទីរដែនដីនគររូបនីយកម្មធ្វើបណ្ណ័កម្មសិទ្ធជូន។

ទី៣. ស្នើបញ្ឈប់ការបញ្ជូនតំណាង ដើម្បីសោះស្រាយបញ្ហា។ លោក ស ថាវី បានលើកឡើងថា រាល់បញ្ហាទំនាស់ ដែលកើតមាន បើមានអ្នកតំណាងនោះ មិនអាចដោះស្រាយចេញនោះទេ។ បញ្ហាសំខាន់ត្រូវយកឯកសារ ដែលជាភស្តុតាងមកបញ្ជាក់។

ទី៤. ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវធ្វើការគាំទ្រ ចំពោះក្រុមហ៊ុន ដែលគេបានដាក់ទុនវិនិយោគ ចំពោះក្រុមហ៊ុនត្រូវរក្សាការពារដំណាំ ដែលធ្វើបាន និងដីសេសសល់ឲ្យបានល្អ និងស្នើឲ្យប្រជាពលរដ្ឋឈប់រំលោភកាន់កាប់ដី របស់ក្រុមហ៊ុនតទៅទៀត។

លោក ស ថាវី បានក្រើនរំលឹកទៅដល់មន្រ្តីជំនាញក្នុងខេត្តថា ក្នុងនាមអាជ្ញាធរខេត្ត ត្រូវតែខិតខំដោះស្រាយរាល់បញ្ហាលំបាករបស់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន។ លោក ស ថាវី ក៏បានធ្វើការផ្តាំផ្ញើដល់ ប្រជាពលរដ្ឋកុំឲ្យជឿតាមការញុះញង់របស់គេ ដែលនាំឲ្យខាតបង់ថវិកា និងពេលវេលា។

ប្រជាពលរដ្ឋមានវិវាទក្រោយស្តាប់នូវយន្តការដោះស្រាយបញ្ហារបស់លោកអភិបាលខេត្តរួចហើយនោះ បាននាំគ្នាសំដែងការសារទរខ្លាំង ដែលធ្វើឲ្យពួកគាត់ទទួលយកបាន និងមានអារម្មណ៍​ស្ងប់ក្នុងចិត្ត។ ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការគិតគូរយកចិត្ត ទុកដាក់របស់អភិបាលខេត្ត ចំពោះប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជានិច្ចជាកាលតែងតែគិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរនៅក្រប់ទីកន្លែង៕