(ភ្នំពេញ)​៖ រថយន្តដឹកដីមួយគ្រឿង បានបុកម៉ូតូមួយគ្រឿងពីក្រោយ បណ្តាលឲ្យស្ត្រីម្នាក់ធ្លាក់ ពីលើម៉ូតូត្រូវរថយន្ដកិនពីលើ បែកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣៖១០នាទីរសៀលថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០១៦នេះ តាមបណ្តោយផ្លូវលេខ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នូង ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុខពេលកើតហេតុ គេឃើញមានម៉ូតូម៉ាក Dream C125 ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខកំពង់ឆ្នាំង 1C-8252 មួយគ្រឿងជិះគ្នា២នាក់ ដោយអ្នកឌុបជាបុរស បានធ្វើដំណើរមកដល់ចំណុចកើតហេតុ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿង ពាក់ស្លាកលេខកំពង់ចាម 3A-0200 បើកក្នុងទិសដៅស្របគ្នាមកបុកពីក្រោយ បណ្តាលឲ្យស្ត្រីជាអ្នករួមដំណើរម្នាក់ធ្លាក់ពីលើម៉ូតូ រួចរថយន្តមិនទាន់អស់ល្បឿន ក៏កិនបែកខួរស្លាប់យ៉ាងអាណោចអាធ័ម នៅកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្នតៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកអធិការខណ្ឌសែនសុខបន្តនិតិវិធី៕