(ភ្នំពេញ)៖ កម្ពុជា និងរុស្ស៉ី កំពុងសិក្សា និងពិនិត្យលទ្ធភាពចង់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់តែធំបន្ថែមទៀត។

កិច្ចពិភាក្សាពិនិត្យនូវលទ្ធភាពបង្កើតពាណិជ្ជកម្មសេរីរវាងកម្ពុជា និងរុស្ស៉ី បានធ្វើឡើងនៅក្នុងជំនួបរវាងលោកលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហព័ន្ធរុស្សីប្រចាំកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។

យោងតាមទំព័រ Facebook របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចពិភាក្សានេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងការពិនិត្យលទ្ធភាពក្នុងការសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-រុស្សី នាពេលអនាគត។

បើតាមក្រសួងពាណិជ្ជកម្ម ក្នុងជំនួបនោះឯកអគ្គរដ្ឋទូតរុស្ស៉ី បានសម្តែងការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់វិធានការប្រឆាំងមេរោគកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលមកទល់ពេលនេះគ្មានជនរងគ្រោះណាម្នាក់នៅកម្ពុជាបានបាត់បង់ជីវិតដោយសារមេរោគនេះឡើយ។

តែទោះជាយ៉ាងណាលោករដ្ឋលេខាធិការ និងលោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា មេរោគនេះ បាននឹងកំពុងបង្ករការរាំងស្ទះដល់ការប្រើប្រាស់ ការបញ្ជាទិញ និងការដឹកជញ្ជូនទំនិញទូទាំងសកលលោក និងបានចូលរួមចំណែកយ៉ាងធំក្នុងការធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-រុស្សី ធ្លាក់ចុះប្រមាណ ១៨% នៅ១០ខែដើមឆ្នាំ២០២០នេះ។

លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានឆ្លៀតយកឱកាសនេះលើកឡើងពីការម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កន្លងទៅ និងដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណៈរដ្ឋកូរ៉េ (CKFTA) ដែលបានបញ្ចប់ជុំទី៤ នៅខែវិច្ឆិកា ឆ្នាំ២០២០នេះ។

មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ថែមលើកិច្ចព្រមព្រៀងដែលមានស្រាប់ក្នុងក្របខ័ណ្ឌអាស៊ាន+១ (ជាមួយចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងណូវែលសេឡង់ និងហុងកុង) បាននឹងកំពុងផ្តល់ទីផ្សារដ៏យ៉ាងធំទូលាយដល់កម្ពុជា។ ក្នុងបរិការណ៍នេះ កម្ពុជាត្រូវការការវិនិយោគបន្ថែមទៀតពីសហព័ន្ធរុស្សី ពិសេសផ្នែកម៉ាស៊ីនធុនស្រាលនិងមធ្យម ដើម្បីពង្រឹងវិស័យឧស្សាហកម្មកម្ពុជា សម្រាប់បង្កើនការប្រកួតប្រជែងក្នុងការនាំចេញ។

លោក សុខ សុភ័ក្ត្រ បានគូសបញ្ជាក់ថា ក្នុងស្មារតីនេះ កម្ពុជាបង្ហាញបំណងសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-រុស្សី ឲ្យបានឆាប់តាមដែលអាចធ្វើបាន។

លោករដ្ឋលេខាធិការ បានស្នើភាគីរុស្សី អញ្ជើញធុរជន និងវិនិយោគិនកម្ពុជា ចូលរួមកម្មវិធីនានារបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មរុស្សីនាពេលខាងមុខ ដើម្បីទទួលបានកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគផ្តល់ដោយសហព័ន្ធរុស្សី និងស្នើភាគីរុស្សីជួយផ្តល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ជូនកម្ពុជា ប្រសិនបើភាគីរុស្សីទទូលបានជោគជ័យក្នុងការផលិតវ៉ាក់សាំងនេះនាពេលខាងមុខ។

លោកឯកអគ្គរដ្ឋទូតបានទទួលយកសំណើទាំងនេះដើម្បីជម្រាបជូនរដ្ឋាភិបាលរុស្សី និងសន្យាថា នឹងផ្តល់ព័ត៌មានមកភាគីកម្ពុជាវិញនាពេលឆាប់ៗខាងមុខ។ កិច្ចប្រជុំនេះ បានបញ្ចប់ដោយភាពស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ហើយភាគីទាំងពីរបង្ហាញសុទិដ្ឋិនិយមខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ៕