(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងលោក ភឹម ភីរ៉ា តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តក្រចេះ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំយុវជន ស.ស.យ.ក ខេត្ត ស្រុក សែនបួងសុំសេចក្តីសុខ និងរំលឹកគុណចំពោះ វីរបុរសខ្មែរដែលបានពលីក្នុង បុព្វហេតុការពារ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិ នៅក្រោមដើមចម្ប៉ា វិមានរណសិរ្ស២ធ្នូ ឃុំ២ធ្នូ ស្រុកស្នួល នៅថ្ងៃខួបទី៤២ឆ្នាំ។

ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ គឺជារយៈពេល៤២ឆ្នាំ នៃការបង្កើតឡើងនូវ «រណសិរ្សសាមគ្គីសង្គ្រោះជាតិ» របស់ខ្មែរអ្នកស្នេហាជាតិ ដឹកនាំដោយសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីរំដោះមកវិញនូវសិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។

ក្នុងថ្ងៃខួប ៤២ឆ្នាំ នៃចលនារំដោះអាយុជីវិត និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ថ្ងៃនេះគឺជាថ្ងៃសច្ចធម៌ប្រវត្តិសាស្ត្រនៃការរស់រានឡើងវិញរបស់ប្រជាពលរដ្ឋខ្មែរ។

សម្តេចតេជោ បានបន្ថែមថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេច ព្រមទាំងវីរជនស្នេហាជាតិជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

សម្តេចតេជោ បានគូសបញ្ជាក់ថា «ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩»។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា «មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ»។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា «ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ។ នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។

សូមបញ្ជាក់ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថា «ក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញសេចក្តី ថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ៕