(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ បានចូលរួមសហការជាមួយក្រុមការងារក្រសួងទេសចរណ៍ ចុះត្រួតពិនិត្យ និងណែនាំវិធានសុវត្ដិភាពទេសចរណ៍នៅតាមភោជនីយដ្ឋានចំនួន ៥ទីតាំង និងហាងកាហ្វេចំនួន ១ទីតាំង នៅក្នុងសង្កាត់ទន្លេបាសាក់។

ក្នុងដំណើរចុះពិនិត្យ និងណែនាំដល់ម្ចាស់ហាង ឬភោជនីយដ្ឋាននាព្រឹកមិញនេះ រដ្ឋបាលខណ្ឌចំការមនដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌ តំណាងលោក ថេង សុថុល អភិបាលខណ្ឌ ហើយក្រុមការងារក្រសួងទេសចរណ៍ដឹកនាំដោយ លោក គួចបញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

ការចុះត្រួតពិនិត្យ និងណែនាំវិធានសុវត្ដិភាពទេសចរណ៍ ធ្វើឡើងក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ភោជនីយដ្ឋានចំនួន ៥ទីតាំង និងហាងកាហ្វេចំនួន ១ទីតាំង នៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រួមមាន៖ ភោជនីយដ្ឋានង៉ន, ភោជនីយដ្ឋានអេលមិន, ភោជនីយដ្ឋានTOPAS, ភោជនីយដ្ឋានប្រោនព្រះនរោត្តម, ហាងកាហ្វេKOI និងភោជនីយដ្ឋានម្លិះ៕