(ឧត្តរមានជ័យ)៖ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងការរឹបអូសបានវត្ថុតាងថ្នាំញៀន និងសម្ភារមួយចំនួនទៀត។

មន្ត្រីនគរបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តឧត្តរមានជ័យ ឱ្យដឹងនៅថ្ងៃទី២ ខែធ្នូឆ្នាំ២០២០នេះថា ដោយមានការណែនាំជាប្រចាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សមត្ថកិច្ចនគរបាលជំនាញបានចុះបង្រ្កាបបទល្មើសគ្រឿងញៀន ចំនួន២ករណីនៅទីតាំងផ្សេង។

*ករណីទី១៖ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវជាតិលេខ ២៦២៥ ភូមិសុខសេរី ឃុំបាក់អន្លូង-ស្រុកត្រពាំងប្រាសាទ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ន អាត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលប្រាសាទ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្នុងនោះដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១កញ្ចប់ធំ ទូរស័ព្ទដៃ ០១គ្រឿង និងសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួន។

*ករណីទី២៖ វេលាម៉ោង១២៖០០នាទីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងសំរោង បង្ក្រាបករណីចែកចាយ និងប្រើប្រាស់ នៅភូមិសំរោង សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហៀង ស្រីណែតអាយុ ២៤ឆ្នាំ រស់នៅភូមិខាងលើ មុខរបរមិនពិតប្រាកដ ជាមួយនុងការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច និងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាងខាងលើត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕