(ភ្នំពេញ)៖ លោក ឆេង សុភារ៉ា បុគ្គលិកអង្គភាពព័ត៌មាន Fresh News និងអនាគតប្រពន្ធរបស់លោក ភួង កែវដានេ បានប្រកាសពន្យារពេលកម្មវិធីរៀបអាពាហ៍ពិពាហ៍ ដែលគ្រោងរៀបចំ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅភោជនីយដ្ឋាន សេវេន & ឡាក់គីប្រាយ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ តាមសារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការប្រកាសលើកពេលរៀបអាពាហ៍ពិពាហ៍នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាបន្ទាន់មួយនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រកាសមិនអនុញ្ញាតឲ្យមានការជួបជុំមនុស្សច្រើនមិនលើសពី២០នាក់ និងសូមឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍រយៈពេល ១៥ថ្ងៃ។

លោក ឆេង សុភារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមយើងខ្ញុំជាសាមីខ្លួនកូនកម្លោះ និងកូនក្រមុំ និងតំណាងឱ្យគ្រួសារទាំងសងខាង សូមជម្រាបជូនដំណឹងជូនចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ឱ្យបានជ្រាបថា ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) ដែលស្ថិតនៅក្នុងដំណាក់កាល ការឆ្លងនៅក្នុងសហគមន៍ និងដោយមានសារណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន យើងខ្ញុំជាម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍ ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១១ ខែធ្នូ នៅភោជនីយដ្ឋាន សេវេន & ឡាក់គឺប្រាយ សូមប្រកាសពន្យារពេល នៃថ្ងៃរៀបអាពាហ៍ពិពាហ៍ របស់យើងខ្ញុំទៅថ្ងៃខាងមុខវិញ រហូតដល់មានការជូនដំណឹងសាជាថ្មី»

លោកថា «យើងខ្ញុំជាសាមីខ្លួនកូនកម្លោះ និងកូនក្រមុំ និងជាតំណាងឱ្យគ្រួសារទាំងសងខាង សូមអភ័យទោសពីចម្ងាយសម្រាប់ការលើកពេលវេលានេះ ដោយមិនបានទៅសូមអភ័យ ទោសដោយផ្ទាល់។ សូមបងប្អូនទាំងអស់គ្នាចូលរួមទប់ស្កាត់ និងការពារខ្លួនឱ្យបានត្រឹមត្រូវ និងមានការប្រុងប្រយ័ត្នខ្ពស់ ដោយប្រើម៉ាស់ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែលជាប្រចាំ ព្រមទាំងរក្សាគម្លាតពីគ្នាឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងឱ្យបានពីជំងឺដ៏កាចសាហាវមួយនេះ»។

កូនកម្លោះ និងក្រមុំ បានជូនពរឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ទទួលបានសុខភាពល្អ សំណាងល្អ សម្រេចបានជោគជ័យគ្រប់ភារកិច្ច នឹងជៀសផុតពីជំងឺកូវីដ១៩ (COVID-19) ដ៏កាចសាហាវមួយនេះផងដែរ៕