(ភ្នំពេញ)៖ សម្រាប់រយៈពេល១១ខែ នៃឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជាមានការកើនឡើងជិត១៧% ដែលគិតជាបរិមាណសរុប មានចំនួន ៦០១ ០៤៥ តោន គិតជាទឹកប្រាក់ចំនួន ៤១៥លានដុល្លារសហរដ្ឋអាមេរិក ដែលទឹកប្រាក់នេះមានការកើនឡើងចំនួន៤៣លានដុល្លារសហរដ្ឋអាមេរិក ឬជិត ១២% បើធៀបទៅរយៈពេលដូចគ្នាក្នុង ឆ្នាំ២០១៩ ដែលបាននាំចេញគិតជាទឹកប្រាក់ត្រឹម ៣៧២លានតែប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ របស់សហព័ន្ធស្រូងអង្ករកម្ពុជា។

របាយការណ៍បន្តថា ក្នុងរយៈពេល១១ខែនេះដែរ កម្ពុជាបាននាំចេញ អង្ករក្រអូប ចំនួន៤៨១២០០តោន ឬស្មើនឹង៨០%នៃបរិមាណនាំចេញសរុប ដែលក្នុងនោះ អង្ករក្រអូបប្រណិត ប្រភេទម្លិះអង្គរ ត្រូវបាននាំចេញចំនួន ៥៥% អង្ករសែនក្រអូបចំនួន ២៥%។

ដោយឡែកសម្រាប់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជាសម្រេចបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ ៦៤ ៧៤០ តោន គិតជាទឹកប្រាក់ចំនួន ៤៨.៦៥លានដុល្លារសហរដ្ឋអាមេរិក។ បរិមាណនាំចេញនេះ មានការកើនឡើងចំនួនជាង១៥% តែចំណូលនៃការនាំចេញបានធ្លាក់ចុះ ១៣.២៦% ដោយសារតម្លៃលើទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាបន្តបន្ទាប់។

នៅក្នុងខែវិច្ឆិកានេះដែរ អង្កររបស់កម្ពុជា បាននាំចេញចំនួន ៦១% ទៅកាន់ប្រទេសចិន និង ២% ទៅកាន់ទីផ្សារទីក្រុងហុងកុង ដែលមានបរិមាណសរុបចំនួន ៤០ ៤៨៩តោន គិតជាទឹកប្រាក់ចំនួន ២៩លានដុល្លារសហរដ្ឋអាមេរិក៕