(ភ្នំពេញ)៖ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួប ៤២ឆ្នាំ ដែលខ្មែរអ្នកស្នេហាជាតិ ដឹកនាំដោយសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន បានប្រមូលផ្តុំគ្នាងើបឡើងតស៊ូរំដោះជាតិ និងប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សែនឃោរឃៅ។

ក្នុងថ្ងៃខួបកំណើតនៃចលនាតស៊ូរំដោះជាតិ និងប្រជាជនចេញចង្កូបមច្ចុរាជនៃរបប ប៉ុល ពត នេះ មិត្តអ្នករបស់ Fresh News បាននិពន្ធកំណាព្យ ១៥ល្បះ រៀបរាប់ពីភាពយង់ឃ្នងនៃរបប ប៉ុល ពត និងរំលឹកនូវវីរភាពរបស់អ្នកស្នេហាជាតិក្នុងការតស៊ូរំដោះជាតិ ប្រជាជន ហើយកសាងប្រទេសឱ្យមានការរីកចម្រើនដូចបច្ចុប្បន្ន។

ខាងក្រោមនេះ គឺជាអត្ថន័យទាំងស្រុងនៃកំណាព្យមានចំណងជើងថា «ដំណើរជាតិកម្ពុជា»៖

១៖ បរទេសនិយម គុំខ្មែរគ្នាឯង គ្មានភ្លើងតែផ្សែង បក់ផ្លុំដល់ឆេះ ១៨មីនា ស្វាកាន់ដែកកេះ សក្លាយប្រផេះ ព្រោះរដ្ឋប្រហារ ។

២៖ រងើកភ្លើងក្លាយ ជាភ្នក់សន្ធោ ស្រែករកពុទ្ធោ មេឃភ្លៀងធ្លាក់គ្រាប់ ឱព្រះជាម្ចាស់ ផ្លាស់ប្តូរទម្លាប់ មេឃភ្លៀងធ្លាក់គ្រាប់ សន្ធាប់ដីខ្មែរ ។

៣៖ ១៧មេសា ថាប្រែប្រួលហើយ ខ្មែរច្បាស់បានស្បើយ ផុតពីគ្រាប់បែក តែផ្ទុយទៅវិញ ខ្មែរផ្តើមបែងចែក ប្រេះឆារហែក ស្រែកខ្មាំងស្រែកមិត្ត ។

៤៖ មាតុភូមិខ្ញុំអើយ ពាក់អាវពណ៌ខ្មៅ រស់ក្រោមទិសដៅ របស់អង្គការ សិទ្ធិអន់ជាងសត្វ សង្គមអស្ចារ្យ លោតផ្លោះមហា ធ្វើរួមហូបរួម ។

៥៖ ព្រះ ព្រះសុីម៉ង់ សង្ឃកូនអ្នកស្រុក ហេតុអ្វីស្រណុក មិនធ្វើកិច្ចការ ចាប់ផ្សឹកលាវត្ត លាទាំងអាចារ្យ ប្រែក្លាយសាលា ក្លាយទៅជាគុក ។

៦៖ ម្ភៃមិថុនា ឆ្នាំចិតប្រាំពីរ បូព៌ាជាទី លេចអ្នកសង្រ្គោះ ហ៊ានយកជីវិត ចេញមុខជំនួស សម្រេចត្រូវឈ្លោះ របបអាវខ្មៅ ។

៧៖ កូនប្រុសឈាមខ្មែរ ទឹកដោះម្តាយថ្លៃ ស្លាប់ហើយមិនក្ស័យ វិលដីកំណើត មកជួយប្រជា មកជួយបង្កើត អោយចន្ទរះអើត ជាថ្មីម្តងទៀត ។

៨៖ ២ធ្នូ ចិតប្រាំបី ទេវតាជូនពរ កូនខ្មែរក្រោកឈរ រណសិរ្សសង្រ្គោះ សង្រ្គាមលើកនេះ ដើម្បីឆ្លងជ្រោះ នាំខ្មែរអោយរស់ ចាកផុតភពខ្មៅ ។

៩៖ ៧មករា មហាជោគជ័យ ជាថ្ងៃខែថ្នី កំណើតទីពីរ ព្រះព្រហ្មសាទរ ប្រទានផ្កាភ្ញី ដល់គ្រប់ទិសទី ថាខ្មែររស់ហើយ ។

១០៖ កំណើតលើកនេះ កើតលើផេះផង់ អគារសំណង់ បាក់បែកគ្មានសល់ ផ្លូវខូចស្ពានដាច់ សពពាសពេញថ្នល់ នេះហើយសំណល់ សល់ពីសង្រ្គាម ។

១១៖ ដៃម្ខាងកសាង ដៃម្ខាងការពារ ខិតខំម្នីម្នា ស្តារគ្រប់វិស័យ ទោះដៃទទេ ត្រូវតែកែច្នៃ សន្សំសំចៃ ថ្ងៃយប់ប្រុងការ ។

១២៖ ២៣ តុលា សន្តិភាពលើក្រដាស បរទេសប្រកាស ថាជោគជ័យហើយ គ្រប់ខ្មែរជម្លោះ ឈប់ឈ្លោះបានស្បើយ កម្ពុជាដល់ត្រើយ ឆ្នាំកៅសិបមួយ ។

១៣៖ ម្ភៃប្រាំបួនធ្នូ ឆ្នាំកៅប្រាំបី ប្រជាប្រុសស្រី សាទរទះដៃ នយោបាយឈ្នះ ឈ្នះ ពិតមិនកាឡៃ នេះពិតជាថ្ងៃ ដែលខ្មែររង់ចាំ ។

១៤៖ នយោបាយឈ្នះ ឈ្នះ ឈ្នះទាំងអស់គ្នា ពូជខ្មែរអ្នកជា អ្នកស្លូតអ្នកត្រង់ បារមីតេជោ ជួយកែតម្រង់ តស៊ូផ្ចិតផ្ចង់ ត្រង់ផ្លូវរុងរឿង ។

១៥៖ សន្តិភាពមួយនេះ ថ្លៃស្មើជីវិត គប្បីយើងខិត ខំថែរក្សា ការពារប្តូរផ្តាច់ កសាងរដ្ឋា ក្សត្រនិងសាសនា ចារប្រវត្តិថ្មី ។

ដោយ៖ នាគជ័យ, ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០