(កំពង់ចាម)៖ ដីស្រែរេច​រឹលដ៏ធំល្វឹងល្វើយជាង ១ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបាធាយ ខេត្តកំពង់ចាម ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ប្រើប្រាស់គ្រឿងចក្រទំនើបៗខ្នាតយក្ស ដើម្បីស្តារដីឡើងវិញធ្វើការអភិវឌ្ឍន៍តំបន់នោះ ឲ្យក្លាយទៅជាតំបន់កសិកម្មដំណាំស្រូវក្រអូបធម្មជាតិ ពណ៌បៃតងគ្រប់រដូវ។

លោកឧកញ៉ា ឌី ប៉ូ អគ្គនាយកក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ បានថ្លែងថា ក្រុមហ៊ុនរបស់លោកបានចុះមកសិក្សានៅតំបន់នេះ ដំបូងប្រជាពលរដ្ឋធ្វើបានតែស្រែវស្សា ហើយស្រែវស្សានោះគឺពឹងផ្អែកលើទឹកភ្លៀង គឺធ្វើស្រែប្រវ៉ាស់មេឃ បើមានភ្លៀងច្រើនកសិករទទួលបានផល បើគ្មានភ្លៀងមិនទទួលបានផល។

លោកឧកញ៉ា ឌី ប៉ូ បានថ្លែងបន្តថា ហេតុនេះទើបក្រុមហ៊ុនប្រមូលទិញដីពីប្រជាពលរដ្ឋ ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍តំបន់នេះឲ្យក្លាយទៅជាតំបន់កសិកម្មទំនើប ពីតំបន់អត់មានទឹកក្លាយជាតំបន់មានទឹកបរិបូរណ៍ ហើយបន្តចែកចាយជូនប្រជាពលរដ្ឋ នៅតំបន់ជុំវិញគម្រោងអភិវឌ្ឍន៍នេះ ប្រើប្រាស់ថែមទៀត។

លោកឧកញ៉ាបន្តថា នាចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុនរបស់លោកចាប់ផ្តើមស្តារដីពីទួលពោធិ៍ល្ង ស្រុកបាធាយ ខេត្តកំពង់ចាម ដោយប្រើគ្រឿងយន្តទំនើបៗធុនធំ ភ្ជួរស្តារដីឡើងវិញ ដោយត្រឡប់ដីខាងលើឲ្យចុះក្រោម ហើយគាស់ដីពីក្រោមឡើងលើវិញ ដើម្បីឲ្យដីមានសក្ដានុពលខ្ពស់ បង្កបង្កើនផលស្រូវបានល្អ។ លោកបានយកបទពិសោធន៍ពី គម្រោងកសិកម្មដំណាំស្រូវធម្មជាតិទី១ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល មកអនុវត្តនៅតំបន់ថ្មីនេះ។

លោកឧកញ៉ាបន្តថា ចំពោះបញ្ហាប្រភពទឹក លោកគ្រោងសុំគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីស្តារព្រែក រៀបចំប្រព័ន្ធធារាសាស្ត្រដោយមានប្រភពពីរ គឺយកទឹកពីទំនប់៦មករា ដែលមានចម្ងាយពីតំបន់អភិវឌ្ឍន៍នេះ ៧០គីឡូម៉ែត្រ ហើយមានផលប៉ះពាល់ច្រើន និងប្រភពទឹកមួយទៀត គឺជីកព្រែក ពីទន្លេយកមកទីនេះជិត ហើយមានផលប៉ះពាល់តិច។ ប្រភពទឹកទាំង២កន្លែងនេះ ក្រុមហ៊ុនអាចធ្វើបានលុះត្រាតែមានការគាំទ្រពេញទំហឹង ពីគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធពិសេស សម្តេចតេជោ ហ៊ុន​ សែន ។

ចុងក្រោយលោកឧកញ៉ា ហ៊ានបញ្ជាក់យ៉ាងច្បាស់ថា សូមសម្តេចតេជោ​ ហ៊ុន សែន សង្ឃឹមជឿជាក់លើក្រុមហ៊ុនរបស់លោក ដោយនាំយកបទពិសោធន៍ ដែលទទួលបានជោគជ័យនូវគម្រោងកសិកម្មទី១ ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល មកធ្វើនៅគម្រោងទី២ នៅស្រុកបាធាយ ខេត្តកំពង់ចាមនេះ ហើយនឹងមិនធ្វើឲ្យសម្តេច រួមទាំងស្ថាប័នពាក់ព័ន្ធខកបំណងឡើយ៕