(ភ្នំពេញ)៖ ស្ត្រីវ័យក្មេងម្នាក់បានរងនូវការ​រលាកដោយ​អណ្ដាត​ភ្លើង​ធ្ងន់ធ្ងរគួរសម ព្រោះតែរូបនាង​បានព្យាយាមរារាំង​ការអនុវត្តន៍​សាលដីកា​ស្ថាពររបស់តុលាការកំពូល ដែលរឹបអូសយកផ្ទះ ដែល​រូបនាង និងក្រុមគ្រួសារ​កំពុងរស់នៅ ទៅអោយអ្នក​ឈ្នះក្ដី​ប​ន្ទាប់​មានការប្ដឹង​ផ្ដល់​គ្នាអស់​ជាយូរឆ្នាំរួចមក ដោយសារតែនាង​បានយកប្រេងសាំង​ចាក់ទៅលើកង់ឡាន និងដបហ្គាស​ហើយដុតបណ្ដាល​អោយ​ឆាបឆេះ​ឡើង​ ក្រោមហេតុផល ​ដែលនាងអះ​អាង​ថាការកាត់ក្ដី​មិនមាន​ភាពយុត្តិធម៌​ សម្រាប់ក្រុមគ្រួសារនាង​ដែលជាជនក្រីក្រ ខណៈភាគីឈ្នះ​ក្ដីគឺជាអ្នកមានទ្រព្យនោះ។

ការចុះអនុវត្តសាលដីការបស់តុលាការ​កំពូលនេះ​បានប្រព្រឹត្តទៅ ​នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះខណៈគណៈ​បញ្ជាការឯកភាព​ខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាល​រងខណ្ឌ ចុះអនុវត្តសាលដីកានៅចំណុចដីឡូតិ៍លេខ៩៧B ផ្លូវ១០៨ ក្រុមទី១៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជាលទ្ធផលធ្វើឲ្យភាគីខាងចាញ់ក្ដីយកកង់ឡានចាក់ប្រេង ដាក់កំប៉ុងហ្គាសដាក់ដុតក្នុងផ្ទះ បណ្ដាលឲ្យ​ឆាបឆេះរងរបួសខ្លូនឯង ហើយសមត្ថកិច្ច​ក៏បានឃាត់ខ្លួនភាគី​ចាញ់ក្ដីដែលរារាំង​ការអនុវត្តសាលដី​ការនេះចំនួន៣នាក់ យកទៅសាកសួរនៅអធិការដ្ឋានខណ្ឌដូនពេញផងដែរ​ ។

បើតាមប្រភពព័ត៍មានពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ការចុះអនុវត្តសាលដីការដ្ឋប្បវេណីលេខ៤៤ ចុះថ្ងៃទី១ ខែ កុម្ភះ ឆ្នាំ២០០៧ របស់តុលាការកំពូលនេះ ដឹកនាំដោយលោកស្រីសឺុ វណ្ណនី ព្រះរាជ​អាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញ ។ ហើយពេលចុះដល់ទីតាំង​ខាងលើនេះ គឺអាជ្ញាធរបានអានសាលដីកា ឲ្យអ្នកចូលរួមទាំងអស់ស្ដាប់​ឃើញថាពុំឃើញមានវត្តមានកូន​បំណុលឈ្មោះ សឹុង មុន្នី នៅទីនេះទេ គឺឃើញតែកូនស្រីរបស់គាត់ចំនួន៣នាក់ ទី១ឈ្មោះ សឹុង សំណាង និងសឹុង សុីណា ព្រមទាំង​ប្តីជាអនិកជនខ្មែរ​នៅសហរដ្ឋអាមេរិក ហើយគណៈកម្មការ​ក៏បានសំណូមពរ និងចរចា​ឲ្យអ្នក​ទាំង​អស់នោះ​ចូលរួមអនុវត្ត​ដោយស្ម័គ្រចិត្ត ។ ប៉ុន្តែផ្ទុយទៅវិញឈ្មោះសឹុង សំណាង មិនត្រឹមតែមិនអនុវត្តតាម​សំណូមពរខាងលើនេះទេ ថែមទាំងបានឈរ​នៅមុខផ្ទះ​ដើម្បីរារាំសមត្ថកិច្ចមិនឲ្យអនុវត្ត ។ចំណែកឯឈ្មោះសឹុង សុីណានិងប្តីបានដើរចេញមកមុខផ្ទះ រីឯឈ្មោះសុឹង សូណេ និងឈ្មោះសឹុង រតនា នៅក្នុងផ្ទះចាក់សោរបិទជិត រួចក៏បានធ្វើសកម្មភាព ចាក់សាំងចូលក្នុងធុងហ្គាស​ចំនួន២ធុង និងចាក់ចូលក្នុងកង់ឡាន ត្រៀមទុករួចជាស្រេច។ ពេលសមត្ថកិច្ចកំពុងអនុវត្ត​នោះ ស្រាប់តែភាគីខាងកូន​បំណុល​បានចាក់សាំង​ដុតធុងហ្គាស ធ្វើឲ្យផ្ទុះឆេះយ៉ាងខ្លាំង រួចក៏បានរត់គេចខ្លួន​ទៅនៅផ្ទះមួយទៀត​ដែលនៅក្បែរនោះ ។ ចំណែកផ្ទះដែល​ឆេះ​ ត្រូវបានកម្លាំងនគរបាលពន្លត់​អគ្គីភ័យ​បាញ់​ទឹកអន្តរាគមន៍​ទាន់ពេលវេលា ​។ ចំណែកឯ​ឈ្មោះសឹុង រតនា​ ដែលជាអ្នកដុត បានរងរបួសពីការរលាកភ្លើង​របកស្បែកពេញដៃពេញជើង និងដងខ្លួនមួយចំនួន​។ ក្រោយមកទើបកម្លាំង​សមត្ថកិច្ច​បានចូល​ទៅចាប់​ជនបង្ក​ហេតុ​ទាំ​ងអស់នោះ រួចបានបញ្ចូនស្រី្តរងគ្រោះ​ឈ្មោះ សឹុង រតនា ដែលរបួសរលាកពេញខ្លួននោះ ទៅមន្ទីរពេទ្យកាល់ម៉ែត​ផងដែរ និងម្នាក់ទៀត​បញ្ជូន​ទៅសាលា​ខណ្ឌដូនពេញ ។ ដោយឡែកឈ្មោះ សឹុង សំណាង និងឈ្មោះ សឹុង សីុណា ព្រមទាំងប្តី​ត្រូវបាននាំខ្លួន​ទៅសួរនាំផងដែរ ។

ក្រោយពីបានអនុវត្តចប់​សព្វគ្រប់អស់ហើយ គណៈកម្មការ បានសម្រេចអនុវត្ត​តាមសាលដីកា​រដ្ឋប្បវេណី​លេខ៤៤ ចុះថ្ងៃទី១ ខែ កុម្ភះ ឆ្នាំ២០០៧ របស់តុលាការកំពូល ដោយប្រគល់​ដីឡូតិ៍ និងផ្ទះលេខ៩៧B ផ្លូវ១០៨ ក្រុមទី១៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ឲ្យទៅឈ្មោះ សឹុម ឡង គ្រប់គ្រងជាម្ចាស់​កម្មសិទ្ធិ ដោយមាន​អ្នកស្រី ទី គឹមស្រ៊ាន ជាមេធាវី​ដោយអាណត្តិ​ធ្វើជាតំណាង។

គេមិនបានដឹងសាវតាលំអិតនៃរឿងក្ដី ដែលនាំអោយ​មានការចុះ​អនុវត្ត​សាលដីការ​ហូតឈាន​ដល់ការចាក់សាំង​ដុតបណ្ដាល​អោយឆាបឆេះ រលាករលួយភាគីអ្នកចាញ់ក្ដី​ខាងលើនេះ​ឡើយ តែ​តាមអ្នកឈរ​មើលហេតុការណ៍​ បាននាំគ្នានិយាយថា ប្រហែលការកាត់ក្ដី​មានភាព​អយុត្តិធម៌​ខ្លាំងហើយ​មើលទៅបាន​ជាភាគី​អ្នកចាញ់ក្ដី​ហ៊ាន​ចាក់សាំង​ដុតរហូត​ឆាបឆេះ​ខ្លួនឯង​បែបនេះ៕