(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញមុខមករិះគន់ថា «យុទ្ធនាការបញ្ចេញសំឡេងលើផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» ដែលរៀបចំឡើងដោយ ស្ថានទូតអាមេរិកប្រចាំកម្ពុជា គឺធ្វើឡើងខុសកាលៈទេសៈ។

ការរិះគន់របស់មន្ត្រីរូបនេះ បានធ្វើឡើងបន្ទាប់ពី ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារថា «នៅក្នុងខែធ្នូនេះ យើងធ្វើការអបអរទំនាក់ទំនងរបស់យើង នៅក្នុងផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាផ្នែកមួយនៃការរំលឹកដែលមានរយៈពេល ១ឆ្នាំ នៃខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា»

លោក ជិន ម៉ាលីន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងកាលៈទេសៈដ៏លំបាក ដែលកម្ពុជាកំពុងទទួលរងការវាយប្រហារពី COVID-19 នាពេលនេះ ស្ថានទូតអាមេរិក រួមទាំងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិផ្សេងទៀត គួរតែរួមគ្នាចូលរួមជាមួយរដ្ឋាភិបាល ក្នុងការធ្វើសកម្មភាពទប់ស្កាត់ការរីករាលដាលនៃការឆ្លង COVID-19 នេះ ចូលដល់សហគមន៍ ដើម្បីទទួលបានការគាំទ្រ និងស្វាគមន៍ ពីប្រជាជាតិខ្មែរទូទាំងប្រទេស។

ចំពោះ «យុទ្ធនាការបញ្ចេញសម្លេងលើផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» នេះ លោក ជិន ម៉ាលីន ចាត់ទុកថា «យុទ្ធនាការល្អ តែខុសកាលៈទេសៈ»។

លោកបន្តថា «វិធានការទប់ស្កាត់ការរីករាលដាលនៃការឆ្លង COVID-19 ចូលដល់សហគមន៍នាពេលនេះ គឺដើម្បីការពារ និងសង្រ្គោះអាយុជីវិតរបស់ពលរដ្ឋ ដែលជាការធានាបាននូវសិទ្ធិជាមូលដ្ឋានមួយរបស់ពលរដ្ឋ គឺសិទ្ធិរស់រានមានជីវិត ដែលសិទ្ធិនេះមានអាទិភាជាងសិទ្ធិណាៗទាំងអស់ ហើយប្រសិនបើសិទ្ធិនេះមិនត្រូវបានធានានិងការពារនោះទេ សិទ្ធិផ្សេងៗទៀតក៏នឹងពុំមានអត្ថិភាពនិងតម្លៃអ្វីដែរ»

គួរជម្រាបថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយ។ ដោយសារតែករណីឆ្លងកូវីដថ្មីលើកនេះ មិនមានប្រភពច្បាស់លាស់ថាចេញមកពីណានោះ ទើបសម្តេចតេជោ ហ៊ុន សែន ហៅករណីនេះថាជាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់៕