(បន្ទាយមានជ័យ)៖ ក្រុមអាជីវករខ្មែរ លក់ដូរនៅផ្សាររ៉ុងក្លឿជាច្រើនតូប បានសម្តែងនូវអារម្មណ៍ភ័យខ្លាច មិនហ៊ានបើកតូបលក់ដូរដូចធម្មតាទេ ព្រោះតែខ្លាចក្រុមនគរបាលបង្ក្រាបទំនិញរបស់ថៃ ចាប់និងរឹបអូសទំនិញរបស់ខ្លួនទៀត។

ក្រុមអាជីករខ្មែរជាច្រើននាក់ បានប្រាប់ភ្នាក់ងារ Fresh​ News នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ការព្រួយបារម្ភមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសការងឿងឆ្ងល់ថា តើក្រុមនគរបាលបង្ក្រាប ទំនិញគ្រប់ប្រភេទ (DSI) ថៃ មានគោលបំណងអ្វីឲ្យច្បាស់លាស់នោះ ព្រោះពួកគាត់បានបង់លុយប្រចាំខែ១តូប មាន៣០ពាន់បាត ទៅ១ម៉ឺនបាត ចុះហេតុអ្វីគ្មានអ្នកទទួលលុយមិនដោះស្រាយ ឬសម្របសម្រួលចឹង។

អាជីវករខ្មែរក្នុងផ្សាររ៉ុងក្លឿមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយក្រុមអជ្ញាធរថៃបើកការប្រជុំកាលពីម្សិលមិញថា នឹងបិទនៅការនាំចូលនូវឥវ៉ាន់ខុសច្បាប់ចូលក្នុងទឹកដីថៃ ហើយចាប់ឲ្យអស់រាល់ទំនិញខុសច្បាប់ (រំលោភកម្មសិទ្ធិបញ្ញា) នៅលើទឹកដីថៃ ពិសេសផ្សាររោងក្លឿតែម្តង។ ដោយឮថា ចាប់ឥវ៉ាន់ក្នុងផ្សារោងក្លឿបែបនេះ បានធ្វើឲ្យអាជីវករមានការព្រួយបារម្ភ នូវឥវ៉ាន់ទិញមករាប់សិបលានដុល្លាររបស់ពួកគាត់។

ក្នុងថ្ងៃនេះដែរ គឺក្រុមអាជីករបានឮមានពាក្យចចាមអារ៉ាមថា ក្រុម DSI សហការជាមួយទាហានប្រមាណ ២០០នាក់ នឹងធ្វើការចុះចាប់ឥវ៉ាន់ក្នុងផ្សាររ៉ុងក្លឿ ប្រមាណជាម៉ោង ៣រសៀលនេះ មានប្រភពព័ត៌មានថា ទុកពេលឲ្យអាជីវករខែ្មរលក់ដូរក្នុងរយៈពេល ២ខែ ធ្វើយ៉ាងណាលក់ឲ្យអស់ បើមិនដូច្នោះគេចាត់កាទៅតាមផ្លូវច្បាប់ប្រទេសថៃ។

ទោះបីជាយ៉ាងណា ភ្នាក់ងារ Fresh News មិនអាចសុំការបំភ្លឺពី លោក ប៊ុន សុខវិបុក អគ្គកុងសុលប្រចាំខេត្តស្រះកែវបានទេ​ ព្រោះទូរស័ព្ទមិនអាចទាក់ទងបានឡើយ៕