(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចលើកពេលការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២០ ដែលគ្រោងធ្វើនៅថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ នៅរាជធានីភ្នំពេញ ដើម្បីការពារ ការរីករាលត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍កម្ពុជា។ នេះបើយោងតាមសេចក្តីជម្រាបជូន របស់ក្រសួងអប់រំ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

តាមសេចក្តីជម្រាបជូន មកលោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត កម្មវិធីប្រកួតកីឡានេះ នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះវិញ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ថែមទៀត ដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា»។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់៕