(ភ្នំពេញ)៖ លោក ញឹក ប៊ុនឆៃ ប្រធានស្ថាបនិកគណបក្ស ខ្មែររួបរួមជាតិ បានព្រមានប្តឹងទៅតុលាការ ដើម្បីទាមទារយកទីស្នាក់ការ នៅតាមបណ្តាខេត្តមួយចំនួន របស់គណបក្សហ៊្វុនស៊ិនប៉ិច។

លោកបានបញ្ជាក់ នៅក្នុងសន្និសីទកាសែតមួយនៅផ្ទះរបស់លោក នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ទីស្នាក់ការបក្ស ហ៊្វុនស៊ិនប៉ិច មួយចំនួនមិនមែនជារបស់បក្សនោះទេ គឺរបស់សកម្មជនជាអ្នកសាងសង់ ឥឡូវសកម្មជនទាំងនោះ បានចាកចេញហើយ ដូច្នេះពួកគេក៏ត្រូវយកទីស្នាក់ការមកវិញផងដែរ។

បន្ទាប់ពីបែកបាក់ម្តងទៀត នាថ្មីៗនេះ គណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចឱ្យ លោក ញឹក ប៊ុនឆៃ អតីតអនុប្រធានទី២ ចាកចេញទៅ តែខ្លួនប៉ុណ្ណោះ ដោយមិនឱ្យយកទ្រព្យសម្បត្តិ នៅក្នុងគណបក្សនោះទេ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ក៏បានសរសេរលិខិតមួយផ្ញើជូន សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីមានវិធានការសមស្របផ្នែកសន្តិសុខ ដើម្បីរក្សាការពារកុំឱ្យជនក្រៅក្របខណ្ឌរបស់ គណបក្សហ៊្វុនស៊ិនប៉ិច ឬក្រុមបំបែកខ្លួន ទៅបង្កើតគណបក្សថ្មីនោះ ចូលកាន់កាប់ទីស្នាក់ការដែលជាអចលនទ្រព្យរបស់ គណបក្សហ៊្វុនស៊ិនប៉ិចផងដែរ។

លោក ញឹក ប៊ុនឆៃ ថ្លែងថា រូបលោក និងសម្តេចក្រុមព្រះ អាចនឹងប្រឈមការប្តឹងផ្តល់គ្នា រឿងទាមទារអចលនទ្រព្យមួយចំនួន ជាពិសេសទីស្នាក់ការគណបក្សតែម្តង៕