(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានស្នើឱ្យសាលាដំបូង រាជធានីភ្នំពេញ ពន្យល់អំពីហេតុផល ដែលសម្រេចតម្កល់រឿងទុកឥតចាត់ការ លើសំណុំរឿងរបស់លោក ជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចច្រានចោល ឥតចាត់ការលើបណ្តឹង របស់លោក សួន សេរីរដ្ឋា ដែលបានប្តឹងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ ពីបទបរិហារកេរ្តិ៍លើគណបក្សរបស់លោក។

នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកមិញ លោក សួន សេរីរដ្ឋា បានលើកឡើងថា «លិខិតជូនដំណឹង ពីដីកាតម្កល់រឿងឥតចាត់ការមិនបានបញ្ជាក់ពីសម្អាងច្បាប់ និងសម្អាងហេតុឱ្យច្បាស់លាស់ ដែលខ្ញុំមិនអាចទទួលយកបានអំពីការ សម្រេចនេះ ហេតុដូច្នេះបានជាខ្ញុំដាក់លិខិតសូមឱ្យពន្យល់ទៅតាមនីតិវិធីច្បាប់» ។

សូមជំរាបថា លោក សួន សេរីរដ្ឋា បានដាក់ពាក្យប្តឹងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកាលពី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ពីបទ«បរិហាកេរ្តិ៍» បន្ទាប់ពី លោក ហោ ណាំហុង បាននិយាយកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ក្រោយជួប ជាមួយអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាថា សមាជិករបស់គណបក្សអំណាចខ្មែរធ្លាប់ធ្វើភេរវកម្ម ដែលជារឿងប៉ះពាល់ ដល់ កិត្តិយសរបស់ គណបក្សអំណាចខ្មែរ៕