(តាកែវ)៖ សិស្សឆ្នើមជិត១០០នាក់ ព្រមទាំងលោកគ្រូអ្នកគ្រូផងនោះ បានទទួលអំណោយជាសម្ភារ និងថវិកា ពីស្ថាបនិកសមាគមយុវជនស្ម័គ្រចិត្តខ្មែរ លោក ឈាង សុវណ្ណរតនា និងសមាជិករបស់ខ្លួន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលពិធីចែកអំណោយទាំងនេះ បានធ្វើឡើងនៅភូមិទំពាំងទន្លេ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ដើម្បីបង្ហាញពីសកម្មភាព ជួយលលើកទឹកចិត្តដល់សិស្សានុសិស្សទាំងនេះ ឲ្យបន្តខិតខំរៀនសូត្រកាន់តែខ្លាំងឡើង។

សម្រាប់សិស្សានុសិស្សទាំង៩៥នាក់ បានទទួលសម្ភារសិក្សាជាច្រើន បូករួមទាំងថវិកាចំនួន១ម៉ឺនរៀល ខណ:លោកគ្រូអ្នកគ្រូ ក៏ទទួលបាកសម្ភារបង្រៀន បូករួមទាំងថវិកា២ម៉ឺនរៀនផងដែរ ។

នៅក្នុងឱកាសនោះ លោក ឈាង សុវណ្ណរតនា បានផ្តាំផ្ញើ និងផ្តល់ដំបូន្មានដល់ប្អូនៗសិស្សានុសិស្ស ត្រូវជៀសឲ្យឆ្ងាយពីបទល្មើសនានា ដែលនាំឲ្យបំផ្លាញសង្គមជាតិ ដូចជាគ្រឿងញៀន លួច ឆក់ ប្លន់ ជាដើម ហើយត្រូវខិតខំសិក្សារៀនសូត្រ កាន់តែពូឡើងសម្រាប់អនាគតរបស់ខ្លួន សម្រាប់ក្រុមគ្រួសារ និងជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិ។

ក្រោយបញ្ចប់សំណេះសំណាល ជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូរួចមក លោកប្រធានសមាគម រួមនឹងអាជ្ញាធរមូលដ្ឋាន មានថ្នាក់ស្រុក៣នាក់ ឃុំ២នាក់ និងមេភូមិបានចុះទៅពិនិត្យ មើលស្រះទឹកមួយកន្លែង នៅក្នុងភូមិ ដែលទឹកត្រូវបានបូមចេញពីប្រឡាយ ហើយលោក បានជួយឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន៥០០លីត្រ ស្មើនឹង១៨កានផងដែរ៕