(រតនគិរី)៖ បន្ទាប់ពីចុះពិនិត្យព្រំដែន នៅខេត្តស្ទឹងត្រែងរួចមក លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបន្តចុះពិនិត្យមើលព្រំដែន និងផ្លូវក្រវាត់ព្រំដែន នៅខេត្តរតនគីរីបន្ថែមទៀត។

ការចុះពិនិត្យព្រំដែន នៅខេត្តរតនគិរីនេះ បានធ្វើឡើងនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ រួមទាំងមន្រ្តីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមួយចំនួនទៀត។

លោកស្រី កុយ ពិសី បានបញ្ជាក់ថា ខេត្តរតនគិរីនេះ ជាខេត្តអេកូទេសចរណ៍ភាគឦសាន្តដ៏សំខាន់មួយ ដែលមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកន្ទូម និងខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងខាងជើងជាប់នឹងខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

លោកស្រី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកំពុងរៀបចំអភិវឌ្ឍតំបន់ព្រំដែនទាំងនេះ ឱ្យក្លាយទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ ទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ទទួលបានឱកាសដូចពលរដ្ឋនៅទីក្រុង និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ៕