(ភ្នំពេញ)៖ នៅក្នុងជំនួបលើកទី១ រវាងលោកស្រី ហារូកូ កាម៉ី (Haruko Kamei) ជាមួយលោក ស៉ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការ គ.ជ.ប ស្របពេលដែលលោកស្រីត្រូវបានតែងតាំងជាប្រធានថ្មីរបស់អង្គការ JICA ប្រចាំកម្ពុជា លោក ស៊ិក ប៊ុនហុក បានជម្រាបប្រធានថ្មីនៃអង្គការ JICA ថា គ.ជ.ប នឹងរៀបចំការបោះឆ្នោតសាកល្បង នៅឆ្នាំ២០២១ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

ក្នុងន័យនេះ លោកប្រធានស្នើសុំឱ្យមានកិច្ចសហការជាបន្តទៅទៀត ដោយស្នើសុំភាគីជប៉ុន បន្តជួយសម្ភារ បរិក្ខារ ដែលរួមមានកុំព្យូទ័រយួរដៃ ២ពាន់គ្រឿង និង Power Bank ២ពាន់គ្រឿង ដើម្បីបម្រើឱ្យ ការបោះឆ្នោតសាកល្បងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅឆ្នាំ២០២១ រួមមាន៖

* ការចុះឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជន តាមប្រព័ន្ធអនឡាញ (Online)
* ការបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online)
* ការបញ្ជូន និងការទទួលលទ្ធផលបោះឆ្នោតបឋម
* ការបែងចែកអាសនៈ
* ការស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត សុទ្ធតែត្រូវធ្វើតាមប្រព័ន្ធកុំព្យូទ័រ។

ប្រសិនបើការបោះឆ្នោតសាកល្បងក្នុងឆ្នាំ២០២១ ទទួលជោគជ័យ នោះការរៀបចំការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបក៏ទទួលបានជោគជ័យដែរ ដែលធ្វើឱ្យគ្រប់ភាគីទទួលយកលទ្ធផលនៃការបោះឆ្នោតដែលរៀបចំដោយ គ.ជ.ប ដោយយើងទាំងអស់គ្នាបានដឹងហើយថា ការបោះឆ្នោត គឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ ដូច្នេះបើយើងរៀបចំការបោះឆ្នោតបានល្អ នោះលទ្ធិប្រជាធិបតេយ្យកាន់តែល្អ និងរឹងមាំនៅកម្ពុជា។

បំណងប្រាថ្នាដ៏ធំរបស់លោកប្រធាន គឺត្រូវធ្វើឱ្យទាល់តែបានការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងនោះគឺ៖

*អ្នកដែលគ្រប់អាយុ ១៨ឆ្នាំឡើងទៅ នៅពេលដែលបានបំពេញលក្ខខណ្ឌត្រឹមត្រូវស្របតាមច្បាប់ត្រូវតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយសំឡេងឆ្នោតត្រូវតែរាប់ឱ្យបានត្រឹមត្រូវជាទីបំផុត។
*លទ្ធផលនៃការបោះឆ្នោតទាំង ៣ដំណាក់កាល (លទ្ធផលបឋម បណ្ដោះអាសន្ន និងផ្លូវការ) មិនត្រូវខុសគ្នាជាដាច់ខាត។

ជាកិច្ចសហការបន្តជាមួយ គ.ជ.ប លោកប្រធាន ក៏បានស្នើសុំជំនាញការ ៣រូប លើផ្នែកច្បាប់ បច្ចេកទេស និងផ្នែកបណ្ដុះបណ្ដាល និងអប់រំអ្នកបោះឆ្នោត។ ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកស្រី និងក្រុមការងារ ដែលបានជួបសម្ដែងការគួរសមជាមួយលោក និងគណៈប្រតិភូនៅថ្ងៃនេះ។

ជាការឆ្លើយតប លោកស្រី ហារូកូ កាម៉ី មានកិត្តិយសណាស់ ដែលលោកស្រីមានឱកាសបានជួបសម្ដែងការគួរសមជាមួយនឹង គ.ជ.ប ជាពិសេសលោកប្រធាន និងគណៈប្រតិភូនៅថ្ងៃនេះ។ លោកស្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត និងស្និទ្ធស្នាលជាទីបំផុត រវាងអ្នកជំនាញការជប៉ុន និង គ.ជ.ប ហើយលោកស្រីទទួលស្គាល់ថា ការបោះឆ្នោតគឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ ហើយលោកស្រីក៏ជឿជាក់ថា គ.ជ.ប នឹងរៀបចំការបោះឆ្នោតបន្តទៀតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ពាក់ព័ន្ធនឹងសំណើរបស់ គ.ជ.ប បើតាមប្រធានថ្មីរូបនេះបានឱ្យដឹងថា អង្គការ JICA បានទទួលរួចហើយកាលពីខែសីហា ឆ្នាំ២០២០ ដែល គ.ជ.ប បានដាក់តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ដោយសារអង្គការ JICA ជាអង្គការអនុវត្តជំនួយឥតសំណងរបស់ប្រទេសជប៉ុន ដូចនេះលោកស្រីនៅតែបន្តការអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាលជប៉ុន ក៏ដូចជាការងាររបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាផងដែរ។ សម្រាប់សំណើនេះ លោកស្រីពុំទាន់បានទទួលព័ត៌មានលម្អិតនៅឡើយទេ ពីព្រោះត្រូវរង់ចាំការសម្រេចពីរដ្ឋាភិបាលជប៉ុន ហើយលោកស្រីនឹងផ្ដល់ព័ត៌មានជាបន្តបន្ទាប់ដល់ គ.ជ.ប ប្រសិនបើទទួលបានចម្លើយវិជ្ជមាននៃសំណើនោះ បន្ទាប់មកលោកស្រីស្នើសុំឱ្យមានជំនួបក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បីពិនិត្យមើលសំណើនេះ ពីព្រោះថាកន្លងមកជប៉ុនបានជួយរួចហើយពាក់ព័ន្ធនឹងការងារមួយចំនួនដូចជា ការចុះឈ្មោះបោះឆ្នោត ដូច្នេះត្រូវពិនិត្យមើលឡើងវិញនូវអ្វីដែលត្រូវជួយជាបន្តទៀតតាមលក្ខណៈបច្ចេកទេស។

លោកប្រធាន គ.ជ.ប បានជម្រាបជូនលោកស្រីប្រធានអង្គការ JICA អំពីកិច្ចសហប្រតិបត្តិការល្អជាមួយភាគីជប៉ុន តាមរយៈអង្គការ JICA ដែលតែងតែផ្ដល់ជំនួយមិនដាច់ ទាំងសម្ភារ បរិក្ខារផ្សេងៗ ដូចជារថយន្ត Pickup ចំនួន ៤០គ្រឿង ហិបឆ្នោត ចំនួន ១១.០០០ និងជំនាញការជាច្រើនរូប សម្រាប់ការបោះឆ្នោតនៅប្រទេសកម្ពុជា ជាពិសេសចាប់តាំងពីលោកប្រធានចូលមកដឹកនាំនៅ គ.ជ.ប តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន។

ជំនួយទាំងអស់បានបែងចែកទៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ដើម្បីប្រើប្រាស់តាមតម្រូវការ ដើម្បីបម្រើសេវាបោះឆ្នោតជូនពលរដ្ឋកម្ពុជា។
ចំពោះអ្នកជំនាញការដែលបានធ្វើការជាមួយ គ.ជ.ប កន្លងមក មានចំនួន ៨រូប ដែលធ្វើការក្នុងនាមជាទីប្រឹក្សាជាន់ខ្ពស់ ក្នុងនាមជាអ្នកបច្ចេកទេស និងការធ្វើកំណែទម្រង់ការបោះឆ្នោត។ លោកប្រធានបានកត់សម្គាល់ថា ក្នុងរយៈពេលធ្វើការងារជាមួយគ្នានេះ គ.ជ.ប និងខាងជំនាញការទាំងអស់ធ្វើការដោយស្រឡាញ់គ្នាដូចបង ដូចប្អូន និងចាត់ទុក គ.ជ.ប ជាផ្ទះរបស់ខ្លួន ហើយ គ.ជ.ប បើកទូលាយឱ្យជំនាញការធ្វើការជាមួយគ្រប់នាយកដ្ឋាន។

លើសពីនេះទៀតអង្គការ JICA តែងតែផ្ដល់ឱកាសដល់មន្ត្រីបោះឆ្នោត ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាល ទស្សនកិច្ច និងសង្កេតការណ៍ពាក់ព័ន្ធនឹងការបោះឆ្នោត នៅប្រទេសជប៉ុន ហើយបានផ្ដល់ឱកាសឱ្យមន្ត្រីបោះឆ្នោតទាំងអស់បានដាក់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតទៀតផង។

លោកប្រធាន គ.ជ.ប បានអបអរសាទរចំពោះលោកស្រី ហារូកូ កាម៉ី ដែលទើបត្រូវបានតែងតាំងជាប្រធានថ្មីរបស់អង្គការ JICA ហើយត្រូវបំពេញកិច្ចការរបស់ខ្លួនចាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ ដោយលោកបានស្នើសុំឱ្យរក្សាទំនាក់ទំនងល្អជាមួយគ្នាជាបន្តទៀត ហើយក្រុមការងារបច្ចេកទេសនឹងរង់ចាំសហការជាមួយនឹងអង្គការ JICA។

ជាទីបញ្ចប់ លោកប្រធាន គ.ជ.ប បានជម្រាបលោកស្រីថា លោកនៅតែចងចាំនូវមនោសញ្ចេតនាសហការគ្នាយ៉ាងល្អជាមួយនឹងជំនាញការ JICA ជាពិសេសជំនួយដ៏ថ្លៃថ្លារបស់ប្រទេសជប៉ុនមកកម្ពុជា។ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ លោកប្រធានបានទៅពិនិត្យមើលការបោះឆ្នោតជាមួយអតីត ឯកអគ្គរដ្ឋទូតជប៉ុនលោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជី ដែលឯកអគ្គរដ្ឋទូតជប៉ុនរីករាយដែលឃើញប្រជាពលរដ្ឋទៅបោះឆ្នោតដោយទឹកមុខសប្បាយរីករាយ និងគ្មានការបង្ខិតបង្ខំឡើយ។ លោកឯកអគ្គរដ្ឋទូតជប៉ុនបានថ្លែងថា បើនៅប្រទេសជប៉ុន ប្រជាពលរដ្ឋដូចជាមិនសប្បាយយ៉ាងដូច្នេះទេ ហើយលទ្ធផលនៃការបោះឆ្នោតវិញ គឺគ្មានភាគីណាបដិសេធនោះទេ។

ទន្ទឹមនឹងនេះ នាឱកាសពិសាអាហារពេលល្ងាចលាគ្នានៅពេលបញ្ចប់អាណត្តិជាមួយ លោក ស៊ិក ប៊ុនហុក និងឯកអគ្គរដ្ឋទូតជប៉ុនលោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជី បានថ្លែងកោតសរសើរ គ.ជ.ប ជាពិសេសលោកប្រធាន គ.ជ.ប ដែលរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ប្រព្រឹត្តទៅដោយជោគជ័យ ត្រឹមត្រូវ និងយុត្តិធម៌ និងអនុវត្តការងារដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់ និងរដ្ឋធម្មនុញ្ញបានយ៉ាងល្អ៕