(ភ្នំពេញ)៖ គម្រោងអភិវឌ្ឍទីក្រុងរណបតំបន់ជើងឯក បាននិងកំពុងដំណើរការ ដោយចាប់ផ្តើមពីការស្ថាបនាមហាវិថីមេចំនួន៣ខ្សែ គឺមហាវិថីសម្តេចហ៊ុន សែន, មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង និងមហាវិថីកាត់ទទឹងទី២ អនុវត្តដោយក្រុមហ៊ុន ING Holdings Co., Ltd ។ សម្រាប់មហាវិថីសម្តេចហ៊ុន សែន ខាងក្រុមហ៊ុន នឹងជម្រុញការស្ថាបនាបើកលំហរផ្លូវពីផ្លូវលេខ២៧១ ដល់ផ្លូវជាតិលេខ២ ក្នុងខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ ហើយដាក់ឲ្យសម្ពោធជាផ្លូវការនៅឆ្នាំនេះផងដែរ។

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក ក្រុមហ៊ុន និងភរិយា ព្រមទាំងឧកញ៉ា លឹម រស់ ឧកញ៉ា លឹម ប៊ុនសួរ ដែលជាម្ចាស់ភាគហ៊ុន ព្រមទាំងសហការីបានចុះពិនិត្យ និងជម្រុញដំណើការការអភិវឌ្ឍន៍គម្រោងឲ្យមានគុណភាព និងមានល្បឿនលឿនទៅតាមផែនការដែលបានគ្រោងទុក។

លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បានឲ្យដឹងថា មហាវិថីសម្តេច ហ៊ុន សែន មានប្រវែង ៩,១៥៩ម៉ែត្រ លំហំទទឹងផ្លូវ៦០ម៉ែត្រ ចាប់ពីចំណុចច្រមុះជ្រូក ក្បាលថ្នល់ដល់ផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មហាវិថីនេះក្រុមហ៊ុនស្ថាបនាសម្រេចបាន ៩០ភាគរយហើយ និងជំរុញការស្ថាបនាឲ្យបានរួចរាល់ស្ថាពរ ឲ្យបានទាន់តាមផែនការកំណត់របស់ សាលារាជធានីភ្នំពេញ ដែលគ្រោងសម្ពោធឲ្យ ប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០១៦នេះ។

ចំពោះមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ស្ថាបនាបានប្រមាណ ៥០% និងមហាវិថីកាត់ទទឹងទី២ ស្ថាបនាបាន១៥%។ ការស្ថាបនាមហាវិថីមេទាំងបីខ្សែនេះ មានជួបនូវផលប៉ះពាល់ដល់ផ្ទះ និងដីប្រជាពលរដ្ឋជាច្រើនគ្រួសារផងដែរ ហើយក្រុមហ៊ុនបាន និងកំពុងធ្វើការដោះស្រាយ ដោយអនុវត្តតាមគោលការណ៍ អភិវឌ្ឍនៅនឹងកន្លែង គឺក្រុមហ៊ុនបាន និងកំពុងសាងសង់ ផ្ទះល្វែងប្រមាណ១៦៧ល្វែង នៅក្នុងតំបន់អភិវឌ្ឍ ស្ថិតនៅខាងត្បូងមហាវិថីអ្នកឧកញ៉ា មហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ចម្ងាយប្រមាណ១គីឡូម៉ែត្រ ដើម្បីជាសំណងដល់ពួកគាត់។

លោកឧកញ៉ាបានសំណូមពរ ដល់ប្រជាពលរដ្ឋកុំចោលសម្រាមតាមមហាវិថី ក៏ដូចជាកន្លែងផ្សេងៗ ជាការប៉ះពាល់បរិស្ថាន និងអាជ្ញាធរមូលដ្ឋានជួយសហការ ការពារសន្តិសុខសណ្តាប់ នៅក្នុងតំបន់អភិវឌ្ឍន៌ឲ្យបានល្អ។

តាមស្មារតីអង្គប្រជុំដែលដឹកនាំដោយ លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ដើម្បីផ្សព្វផ្សាយដល់ម្ចាស់ដីពាក់ព័ន្ធឲ្យបានយល់ពីការចួលរួម បដិភាគក្នុងគម្រោងអភិវឌ្ឍទីក្រុងរណបតំបន់ជើងឯកនេះ ហើយសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនបាននិងកំពុងចុះបញ្ជីម្ចាស់អ្នកកាន់កាប់ដី នៅក្នុងតំបន់គម្រោងអភិវឌ្ឍ ទីក្រុងរណប៕