(រីយ៉ាដ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសមាជិកគណៈប្រតិភូកម្ពុជាទាំងអស់ បានជួបសំណេះសំណាលជាមួយ និស្សិតខ្មែរឥស្លាមកម្ពុជាចំនួន ១៨នាក់ ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា នៅទីក្រុងរីយ៉ាដ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦។

និស្សិតខ្មែរឥស្លាមកម្ពុជាចំនួន ១៨ នាក់ ទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រអារ៉ាប៉ីសាអូឌីត ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកអក្សរសាស្រ្ត ច្បាប់ សាសនាវិទ្យា ជាដើម។

ក្រោយពីបញ្ចប់ពិធីសំណេះសំណាលរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានរៀបចំពិសា អាហារសាមគ្គីជួបជុំរវាងនិស្សិត និងគណៈប្រតិភូ នៅភោជនីយដ្នានទីក្រុងរីយ៉ាដ និងបានផ្តល់ប្រាក់ឧបត្ថម្ភពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ១,៨០០ដុល្លារ ដែលម្នាក់ៗទទួលបាន ១០០ ដុល្លា​រ និងម្ហូបអាហារ ១,១០០ដុល្លារផងដែរ។

ជាចុងក្រោយ រដ្ឋមន្ត្រីក្រសួងការងារ និងលោករដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពអំពីការវិវត្តផ្នែកនយោបាយសេដ្ឋកិច្ច និងសង្គមរបស់​កម្ពុជា ដល់និស្សិតទាំងនោះ និងបានជំរុញឲ្យក្មួយៗនិស្សិតទាំងអស់ ខិតខំសិក្សារៀនសូត្រ សាមគ្គីភាព និងនាំយកចំណេះដឹងមកជួយអភិវឌ្ឍន៍សហគមន៍ និងប្រទេ​សជាតិ នៅពេលបពា្ចប់ការសិក្សា៕