(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ ស្ថិតនៅវត្តចាក់អង្រែក្រោម មានប្រារព្ធពិធីចែកអំណោយ របស់អង្គការទស្សនៈ ពិភពលោក ជាមួយអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះអគ្គិភ័យកាលពី ប៉ុន្មានថ្ងៃមុននេះ។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានអនុសាខា កាកបាទក្រហមខណ្ឌមានជ័យ និងមានការចូលរួមពីសំណាក់ក្រុមការងារ អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ លោកចៅសង្កាត់ លោក លោកស្រីមេភូមិ យុវជនសហពន្ធ័សហភាពកម្ពុជាប្រចាំខណ្ឌមានជ័យ និងយុវជនកាកបាទក្រហមខណ្ឌមានជ័យ សរុប៥០នាក់។ ប្រជាពលរដ្ឋដែលរងគ្រោះទាំង៩៧គ្រួសារស្មើនិង៨០ខ្នងផ្ទះស្ថិតក្នុងភូមិទួរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ នៅក្នុងនោះ ដែរគ្រួសាររងគ្រោះដោយអគ្គិភ័យទទួលបាន ក្នុង១គ្រួសារមានអង្ករ២៥kg កាតាបសិស្ស និងសំលៀកបំពាក់សិស្ស១ឈុត សៀវភៅសរសេរចំនួន១ ប៊ិច២ដើម ច្រាស៤និងថ្នាំដុសធ្មេញចំនួន១ប្រអប់ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។

សូមបញ្ជាក់ថា សូមបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋចំនួន៩៧ខ្នង ត្រូវបាន អគ្គិភ័យឆេះបំផ្លាញទាំងស្រុង នៅវេលាម៉ោងជាង១២រំលង អាធ្រាត្រ ចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតនៅខាងក្រោយ វត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ មូលហេតុនោះបណ្តាលមកពី ប្រជាពលរដ្ឋដុតផាវ និងកាំជ្រួចដើម្បីអបអរសាទរ បុណ្យចូលឆ្នាំចិន វៀតណាម ហើយកំទេចភ្លើងកាំជ្រួចបានធ្លាក់មកក្រោមវិញ ក៏ត្រូវចំផ្ទះរបស់ពួកគាត់ នាំឲ្យគ្រោះអគ្គិភ័យតែម្តង។

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានប្រាប់ Fresh News ថា អគ្គិភ័យនេះបានរលត់ទៅវិញ វេលាម៉ោងជិត៤ទៀបភ្លឺ ក្រោយកម្លាំង សមត្ថកិច្ច និងអាជ្ញាធរ ជួយអន្តរាគមន៍ ព្រមទាំងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់២៥គ្រឿង និងអស់ទឹក៦៦ជើង។

យ៉ាងណាក៏ដោយ ករណីគ្រោះថ្នាក់សង្គម មួយនេះ មិនបណ្តាលឲ្យនរណាម្នាក់រងរបួស ឬស្លាប់ផងដែរ៕