(ភ្នំពេញ)៖ ថ្ងៃនេះ កាលពី៥ឆ្នាំមុន មានយុវជនកម្ពុជាមួយរូប បានឈរនៅលើឆាកអន្តរជាតិ និងបាននាំមកនូវកិត្តិយសដ៏មហាធំធេងជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជាតាមរយៈការទទួលបាននូវពានរង្វាន់ហ្គូស៊ីសន្តិភាពអន្តរជាតិ (GUSI Peace Prize International ) ជាមួយអ្នកដឹកនាំកំពូលៗរបស់ពិភពលោក អ្នកប្រាជ្ញ អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រល្បីៗ១៨រូបផ្សេងទៀត លើភាពជាអ្នកដឹកនាំយុវជន អ្នកមនុស្សធម៌និយម និងអ្នកគាំពារមរតកវប្បធម៌។

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាឥស្សរជនកម្ពុជាទី១ និងវ័យក្មេងជាងគេរបស់ពិភពលោក បានទទួលនូវពានរង្វាន់ដ៏អស្ចារ្យនេះ នាថ្ងៃទី២៥ ខែវិច្ចិកា ឆ្នាំ២០១៥។

ថ្នាក់ដឹកនាំ សមាជិក សមាជិកា សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ទាំងអស់ បានចាត់តុកថា នេះជាមោទនភាពយ៉ាងក្រៃលែងដែលមានយុវជនឆ្នើមមួយរូបរបស់កម្ពុជា ជានិមិត្តរូបនៃយុវជនកម្ពុជាទូទាំងប្រទេស បាននាំមាតុភូមិជាទីស្នេហានៃយើងទៅលើឆាកអន្តរជាតិប្រកបដោយកិត្តិនាម និងកិត្តិស័ព្ទល្បីរន្ទឺតាមរយៈស្នាដៃ និងគុណូបការៈមិនអាចកាត់ថ្លៃបានយ៉ាងច្រើនអនេគអនគ្ឃរបស់ លោក ហ៊ុន ម៉ានី ។

ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំ សមាជិក សមាជិកនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ទូទាំងប្រទេស ឯកអគ្គរាជទូតសុខភាព និងក្រុមទីប្រឹក្សាទាំងអស់ បានចូលរួមគោរពជូនពរ និងអបអរសាទរដល់ លោក ហ៊ុន ម៉ានី ក្នុងខួប៥ឆ្នាំនៃការទទួលបានពានរង្វាន់ដ៏អស្ចារ្យនេះ ដែលជាមហាកិត្តិយសរបស់កម្ពុជា និងប្រជាជនកម្ពុជាគ្រប់រូប ។

ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានជូនពរលោក និង ភរិយាព្រមទាំងបុត្រា បុត្រី និងក្រុមគ្រួសារបានភពប្រសប់តែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕